ក្រុមហ៊ុនកូរ៉េមួយ បានជ្រើសយកកម្ពុជាមុនគេបង្អស់ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន សម្រាប់បើករោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉ក ដើរដោយថាមពលអគ្គិសនី
សេដ្ឋកិច្ច July 29, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉ក ដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្ម របស់កូរ៉េខាងត្បូងឈ្មោះថា វីដាប់ប៊ែលយូ & ស៊ី ឯ.ក (VW&C CO., LTD) បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងតំបន់អាស៊ានខណៈដែលក្រុមហ៊ុននេះបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម។

តាមការបញ្ជាក់នៅលើផេកផ្លូវការរបស់ ក្រសួងការងារ បានឱ្យដឹងថា​ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រខាងលើនេះ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និងការផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងការដើរពិនិត្យមើលជាក់ស្តែងនូវសង្វាក់ផលិតកម្មជាកញ្ចប់របស់រោងចក្រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ទៅលើអ្នកវិនិយោគកូរ៉េដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាដែលបាននិងកំពុងបង្កើតឱ្យមានឱកាសការងារដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យបានធ្វើការក្នុងរោងចក្រដែលមានលក្ខណៈស្តង់ដារបស់កូរ៉េមួយនេះ។ ក្រៅពីស្តាប់បទបង្ហាញ និងទស្សនកិច្ចសង្វាក់ផលិតកម្មក្នុងរោងចក្រ ឯកឧត្តម ហេង សួរ បានឆ្លៀតសួរសុខទុក្ខដល់និយោជិតដែលជាអតីតសិស្សបានបញ្ចប់ការសិក្សាចេញពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលកំពុងបម្រើការនៅក្នុងរោងចក្រ
ផងដែរ។

គួរបញ្ជាក់ផងដែរថា រោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD) វិនិយោគដោយវិនិយោគិនកូរ៉េខាងត្បូង និងត្រូវបានដាក់ឱ្យដំណើរការដំឡើងនៅឆ្នាំ២០២៣ ហើយអាចមានសមត្ថភាពផ្គុំបានចំនួន ១០០ទៅ ២០០គ្រឿងក្នុងមួយថ្ងៃនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។ ទន្ទឹមនឹងនេះដែរ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុនខាងលើនេះ បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងខណៈដែលបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម៕

អត្ថបទ៖ លីនី