រដ្ឋាករទឹកស្វយ័តសៀមរាបបានបង្កើនសមត្ថភាពផលិតទឹកស្អាតពី ៣០.០០០ ម៉ែត្រគូបទៅ ៩០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ
សេដ្ឋកិច្ច July 27, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះពិនិត្យរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដែលជាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏សំខាន់មួយរបស់រដ្ឋាករទឹកស្វយ័តសៀមរាប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព​ប្រតិបត្តិការអាជីវកម្ម ដែលរួមមានយុទ្ធសាស្រ្តបង្កើនការតំណប្រើប្រាស់ទឹកស្អាត, ការគាំទ្រដល់អាជីវកម្មក្នុងស្រុក រួមទាំងវិស័យបដិសណ្ឋារកិច្ច, និងការជួយគាំទ្រប្រតិបត្តិករទឹកស្អាតឯកជនទាំង១០នៅក្នុងខេត្ត លើការធ្វើតេស្តគុណភាពទឹក។

ចាប់តាំងពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តសៀមរាបបានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនបីដងពី ពោលគឺពី ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ ៩០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការបង្កើនសមត្ថភាពផលិតនេះត្រូវបានព្យាករណ៍ថា នឹងបំពេញតម្រូវការទឹកស្អាតសម្រាប់ក្រុងសៀមរាប និងតំបន់ជុំវិញ រហូតដល់ឆ្នាំ២០៣០។ បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តសៀមរាបកំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជន​តាមផ្ទះ និងមូលដ្ឋានអាជីវកម្មចំនួន ២៤.៤៧៦ ទីតាំង ដោយមានបណ្តាញចែកចាយទឹកស្អាតប្រវែង ៤៨៩ គីឡូម៉ែត្រ៕

ក្រសួងព័ត៌មាន