ជាដំណឹងដ៏ល្អមួយ សម្រាប់បងប្អូនកសិករ ជាពិសេសសហគមន៍កសិកម្មទំនើប បន្ទាប់ពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយផ្សារទំនើបឡាក់គី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីពិនិត្យលទ្ធភាពសហការគ្នាជាមួយនិងសហគមន៍កសិកម្មទំនើប ជាពិសេសព្យាយាមតភ្ជាប់ទីផ្សារសម្រាប់សហគមន៍បន្លែនៅត្រាំកក់ទុកឱ្យហើយ។
យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ឯកឧត្តម ផ្ទាល់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានបញ្ជាក់គូសបញ្ជាក់ដូជ្នេះថា៖ «ពិភាក្សាការងារជាមួយផ្សារទំនើបឡាក់គី និងពិនិត្យលទ្ធភាពសហការគ្នាជាមួយនឹងសហគមន៍កសិកម្មទំនើប ជាពិសេសព្យាយាមតភ្ជាប់ទីផ្សារសម្រាប់សហគមន៍បន្លែនៅត្រាំកក់ទុកឱ្យហើយ។ ក្រោយពីបានជួបច្រើន ជជែកច្រើនរួចមក ពិតជាមានអារម្មណ៍ថា កសិផលខ្មែរមិនខ្វះអ្នកនៅរង់ចាំជួយគាំទ្រនោះទេ ទាំងអ្នកលក់ដុំ លក់រាយ និងអ្នកបរិភោគ សំខាន់ឱ្យតែថ្លៃសមរម្យ និងការផ្គត់ផ្គង់មានស្ថេរភាពមិនដាច់។ បើនិយាយពីគុណភាពវិញ មិនមានអ្វីគួរឱ្យបារម្ភឡើយ ឱ្យតែច្បាស់ថាពិតជាដាំដោយបងប្អូនកសិករយើងមែន »៕
អត្ថបទ៖ លីនី