ឆមាសទី១ នៃឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជិត ២ពាន់លានដុល្លារ
សេដ្ឋកិច្ច July 26, 2024 Khmernote

ឆមាសទី១ នៃឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧​ ប៊ីលានរៀល ​ឬប្រមាណជា ១ ៩១៧.៩៦លានដុល្លារ​ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ ​តួលេខខាងលើនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។

ឯកឧត្តម គង់ វិបុល បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២៤ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១ ០០៥,៧៤ ប៊ីលានរៀល (ប្រមាណជា ២៤៨,៣៣ លានដុល្លារ) ស្មើនឹង ៥,៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ និង សរុបរយៈពេល ៦ខែ ឆ្នាំ២០២៤ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាម ប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៧ ៧៦៧,៧៣ ប៊ីលានរៀល (ប្រមាណជា ១ ៩១៧,៩៦ លានដុល្លារ) ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញអំពីសមិទ្ធិផលការងារសំខាន់ៗរបស់អគ្គនាយកដ្ឋាន​ពន្ធដាររួចហើយ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ៕

អត្ថបទ៖ លីនី