រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង និងកម្ចីដល់កម្ពុជាប្រមាណជា ៥៧លានដុល្លារបន្តទៀត សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) និងគម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ជំហានទី៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
សេចក្ដីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ជំនួយឥតសំណង និងកម្ចីខាងលើនេះ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលបុព្វសិទ្ធិ ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារអាម៉េរិក។ គម្រោងនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសបន្ថែមទៀតដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ តាមរយៈការទំនាក់ទំនង សកម្មភាពសិក្សា និងសង្គម និងបទពិសោធន៍នៅប្រទេសជប៉ុន។ តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីនេះ ក្រោមកម្មវិធី JDS មន្ត្រីរាជការសរុបចំនួន ២៦រូប នឹងទទួល បានឱកាសទៅសិក្សានៅប្រទេសជប៉ុន ដែលក្នុងនោះ ២៤រូប នឹងត្រូវបានជ្រើសរើសសម្រាប់កម្មវិធីសិក្សា ថ្នាក់អនុបណ្ឌិត និង ២រូប ទៀត សម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិត។ ក្នុងក្របខណ្ឌកម្មវិធី JDS គិតចាប់ពីឆ្នាំ ២០០មក មន្ត្រីរាជការប្រមាណ ៥៣០រូប បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។
ជាមួយគ្នានេះដែរ ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) មានទឹកប្រាក់ចំនួន ៨ ២៩៣ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក។ ឥណទានដំណាក់កាលទី ៣ នេះ គឺជាឥណទានសម្រាប់បំពេញបន្ថែមឱ្យការងារសាងសង់ និងការងារជាបន្តបន្ទាប់របស់គម្រោង ដើម្បីឈានទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត។
កំណាត់ផ្លូវនេះ មានប្រវែងសរុប ១៤៦,០៤ គ.ម ក្នុងនោះ ពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង ៩៩,២១ គ.ម ជាផ្លូវ ៤ គន្លង, ផ្លូវវាងក្រុងពោធិ៍សាត់ ១១,៦៩ គ.ម និង កំណាត់ផ្លូវពីក្រុងសិរី សោភ័ណ នៅក្រុងប៉ោយប៉ែត មានប្រវែង ៣៥,១៤ គ.ម។ ជារួម គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ពីស្ពានព្រែកក្តាម – ក្រុងប៉ោយប៉ែត ក្នុងក្របខ័ណ្ឌ ឥណទានសម្បទានជប៉ុន មានប្រវែងសរុប ៣៦៦ គ.ម ត្រូវសាងសង់ជាផ្លូវ ៤ គន្លង មានទទឹង ២៣ ម ដោយ ក្រាលកៅស៊ូ A/C កម្រាស់ ១៥ ស.ម និងមានសួនច្បារកណ្តាល៕






អត្ថបទ៖ លីនី


