សហគមន៍ស្វាយចន្ទី ២ទៀត បានឈានដល់ដំណាក់កាលរៀបចំ «មហាសន្និបាតកំណើតដំបូង» របស់ខ្លួនក្នុងថ្ងៃតែមួយ ដើម្បីរៀបចំប្រែក្លាយខ្លួនជាសហគមន៍កសិកម្មទំនើប។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់ឯកឧត្តមកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា ខេត្តកំពង់ធំនឹងមានសហគមន៍កសិកម្មទំនើបចំនួន៣ក្នុងពេលដំណាលគ្នា ក្នុងរួមមាន ៖ សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ៖ មានសមាជិក ៨៨គ្រួសារ និងផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ២០៤ហិកតា ,សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ៖ មានសមាជិក ៩៧គ្រួសារ និងផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ៥០៩ហិកតា និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ៖ មានសមាជិក ៧៦គ្រួសារ និងផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ៤៦០ហិកតា។
គួរបញ្ជាក់ផងដែរថា បើតាមនីតិវិធី ក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតនៃសហគមន៍ទាំង៣ នឹងបន្តធ្វើការជាមួយក្រសួងកសិកម្ម ដើម្បីបញ្ចប់ការធ្វើផែនការអាជីវកម្មលម្អិត មុននឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងទម្រង់ «សហគមន៍កសិកម្មទំនើប» ក្នុងពេលឆាប់ៗនេះ៕








អត្ថបទ៖ លីនី


