សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិ ដើម្បីសម្រួលដល់ការចរាចរណ៍ក្រដាសប្រាក់មានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ
សេដ្ឋកិច្ច July 22, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់សម្តេចធិបតីផ្ទាល់ ពេលដែលសម្តេចចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។

សូមបញ្ជាក់ជូនថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធយន្តការបន្ទាន់ ដែលត្រូវអនុវត្តនៅខេត្តសៀមរាប ធនាគារជាតិ បានសម្រេ មាន៤យន្តការ រួមមាន៖

១៖ តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។

២៖ ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។

៣៖ តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែកការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួល គ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។

៤៖ រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់ និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀត។

ជាមួយគ្នានោះ ឯយន្តការបន្តទៀតមាន ២ រួមមាន៖ ១. ជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា និង ២. សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដារមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើសរបស់ធនាគារជាតិនិងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជនិងធនាគាពាណិជ្ជ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បង្ហាញនូវសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន