ក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋតិចសាស់ ស្វែងរកឱកាសវិនិយោគលើកដំបូងនៅប្រទេសកម្ពុជា
សេដ្ឋកិច្ច July 20, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម យុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក Tuan Ba អនុប្រធាននៃក្រុមហ៊ុន TIRECYCLE POWER HOLDINGS រដ្ឋតិចសាស់ សហរដ្ឋអារិក។ នេះជាការបំពេញទស្សនកិច្ចរបស់ក្រុមហ៊ុន ជាលើកដំបូងនៅប្រទេសកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ជូនចំពោះ គណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចដោយផ្ទាល់មកកាន់កម្ពុជា និងបានសម្តែងនូវការចាប់អារម្មណ៍ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តម ក៏បានឆ្លៀតគូសបញ្ជាក់ជូនគណៈប្រតិភូអំពីរបបនៃការលើកទឹកចិត្ត ប្រកបដោយភាពអំណោយផលនិងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

គណៈប្រតិភូ បានជំរាបជូនឯកឧត្តមអគ្គលេខាធិការរងអំពីគោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចលើកដំបូងនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជាដែលនឹងរួម ចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញវិនិយោគក្នុងវិស័យថាមពលដែលមានសក្តានុពលសំខាន់។

លោកមានភាពកក់ក្ដៅជាទីបំផុត និងបញ្ជាក់យ៉ាងច្បាស់ថា នឹងមកបន្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការធ្វើឱ្យកាន់តែប្រសើរនាពេលអនាគត។

ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈប្រតិភូក្រុមហ៊ុន TIRECYCLE POWER HOLDINGS ចំពោះការជ្រើសរើសកម្ពុជាជាទិសដៅក្នុងការបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញនូវស្មារតីស្វាគមន៍ជានិច្ចសម្រាប់រាល់កិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ ព្រមទាំងបានជូនពរគណៈប្រតិភូឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាពេលនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន