(សៀមរាប)៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតបានអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូណ៌ ខេត្តសៀមរាប។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារពាក់ព័ន្ធ ដោះស្រាយបញ្ហាឈ្មួញកំណត់តម្លៃលើបញ្ហាលុយដុល្លារចាស់ ដាច់ ឬរហែក ដើម្បីបង្កើនការយកចិត្តទុកដាក់លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « ល្ងាចមិញខ្ញុំបានទៅ Pub Street ហើយមានរឿងមួយ ពេលចប់ពី Pub Street ខ្ញុំបានតេទូរស័ព្ទទៅលោកជំទាវទេសាភិបាលធនាគារជាតិឱ្យធ្វើការឱ្យខ្ញុំភ្លាម ហើយសុំឱ្យធនាគារចូលរួមផង រឿងលុយដុល្លារពិបាកយក បើថាលុយក្លែងក្លាយចុះហ្នឹងរឿងមួយ ហើយបើលុយខ្ទេចខ្លាំងរឿងមួយ ប៉ុន្តែពេលខ្លះយើងដាក់លក្ខខណ្ឌកំណត់តិចពេក គ្រាន់តែដាច់តិចក៏មិនឱ្យយក បើយកត្រូវកាត់ទឹក ដល់ចឹងទៅវាពិបាក។ កន្លែងលក់ គាត់យកអត់បាន ព្រោះពេលដូរនៅធនាគារ ធនាគារកាត់ទឹក អ៉ីចឹងគាត់ត្រូវកាត់ទឹកពីភ្ញៀវ អ៉ីចឹងទៅភ្ញៀវរអ៊ូថា លុយហេតុអីមកចាយក៏ពិបាកម្ល៉េះ។
ឥលូវខ្ញុំសូមឱ្យលោកជំទាវធ្វើការជាមួយធនាគារ ហើយសូមធនាគារពាណិជ្ជ សូមជួយយោគយល់ សូមទម្លាក់លក្ខខណ្ឌរឿងនេះបន្តិច ព្រោះកន្លែងខ្លះគេឱ្យខ្ញុំមើលថា លុយកន្លែងខ្លះឆូតប៊ិចតែបន្តិចគេអត់យក ត្រូវប្ដូរ ហើយពេលប្ដូរទៅខាត។ អ៉ីចឹងរឿងតិចៗហ្នឹង នឹងបង្កើតបញ្ហា ហើយធ្វើឱ្យខ្ទាស់អារម្មណ៍ ព្រោះទេសចរណ៍ គឺទាក់ទងបដិសណ្ឋារកិច្ច ហើយបដិសណ្ឋារកិច្ចរាប់ចាប់តាំងពីចុះពីព្រលានយន្តហោះ រហូតឡើងទៅលើយន្តហោះវិញយ៉ាងរលូន នេះហើយហៅថាវិស័យទេសចរណ៍ វិស័យបដិសណ្ឋារកិច្ច។ បើលុយខ្ទិចខ្លាំង បើលុយក្លែងក្លាយ ចាំមិនទទួលចុះ ពីណាក៏មិនយកដែរ ប៉ុន្តែបើលុយដុល្លារ ដែលដាច់ចុងតិចៗហ្នឹង អ៉ីចឹងខ្ញុំសូមឱ្យលោកជំទាវធ្វើការបន្ទាន់លើរឿងហ្នឹង ហើយសូមឱ្យយោគយល់រឿងហ្នឹង »៕
អត្ថបទ៖ លីនី