ADB លើកកំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ ២០២៤គឺមាន៥,០%
សេដ្ឋកិច្ច July 17, 2024 Khmernote

យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំនេះដល់ ៥,0% ពីការព្យាករណ៍ពីមុន ៤,៩% ដោយសារការកើនឡើងនៃការនាំចេញក្នុងតំបន់ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់។ ទស្សនវិស័យកំណើនសម្រាប់ឆ្នាំក្រោយត្រូវបានរក្សានៅ ៤,៩% ។ សម្រាប់អតិផរណាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះមកនៅត្រឹម ២,៩% នៅឆ្នាំនេះ ខណៈដែលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ មានការថមថយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់ពីការងើបឡើងវិញក្រោយជំងឺរាតត្បាតដែលជំរុញជាចម្បងដោយតម្រូវការក្នុងស្រុក ការនាំចេញកំពុងស្ទុះងើបឡើងវិញ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ តម្រូវការសកលខ្លាំងលើគ្រឿង អេឡិចត្រូនិក ជាពិសេស semiconductors ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា៖ «ភាគច្រើននៃប្រទេសនៅ អាស៊ី និងប៉ាស៊ីហ្វិកកំពុងមើលឃើញកំណើនសេដ្ឋកិច្ចខ្ពស់ជាងកាលពីឆមាសទីពីរនៃឆ្នាំមុន។ មូលដ្ឋានគ្រឹះនៃតំបន់នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយនៅតែត្រូវយកចិត្តទុកដាក់ លើហានិភ័យមួយចំនួនដែលអាចប៉ះពាល់ដល់ទស្សនវិស័យនេះ ដែលរួមមានភាពមិនច្បាស់លាស់ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការសម្រេចលើចិត្តអត្រាការប្រាក់ និង ភាពតានតឹងភូមិសាស្ត្រនយោបាយ។»

ខណៈពេលដែល អតិផរណាកំពុងថយទៅរកកម្រិតមុនមានការរាតត្បាតនៅក្នុងតំបន់ទាំងមូល សម្ពាធតម្លៃនៅតែកើនឡើងនៅក្នុងប្រទេសមួយចំនួន។ អតិផរណាម្ហូបអាហារនៅតែមានកម្រិតខ្ពស់នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមួយផ្នែកដោយសារអាកាសធាតុមិនល្អ និងការរឹតបន្តឹងការនាំចេញអាហារនៅក្នុងប្រទេសមួយចំនួន។

ការព្យាករណ៍កំណើនសម្រាប់សាធារណរដ្ឋប្រជាមានិតចិន (PRC) ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ត្រូវបានរក្សានៅ ៤,៨% នៅឆ្នាំនេះ។ ការបន្តស្ទុះងើបឡើងវិញនៃការប្រើប្រាស់សេវាកម្ម ព្រមទាំងការនាំចេញ និងសកម្មភាពឧស្សាហកម្មខ្ពស់ជាងការរំពឹងទុក កំពុងគាំទ្រដល់កំណើន បើទោះបីជាវិស័យអចលនទ្រព្យរបស់ ចិន ដែលកំពុងជួបការលំបាក មិនទាន់មានស្ថិរភាពក៏ដោយ។ រដ្ឋាភិបាលបានដាក់ចេញវិធានការគោលនយោបាយបន្ថែមក្នុងខែឧសភា ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ។

ទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជាសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់ ក៏មិនផ្លាស់ប្តូរដែរក្នុងអត្រា ៧,0% សម្រាប់ឆ្នាំសារពើពន្ធ ២០២៤។ វិស័យឧស្សាហកម្មរបស់ប្រទេសឥណ្ឌាត្រូវបានព្យាករណ៍ថានឹងកើនឡើងខ្លាំង ដែលជំរុញដោយការផលិត និងតម្រូវការខ្ពស់ក្នុងការសាងសង់។ កសិកម្មត្រូវបានគេរំពឹងថានឹងងើបឡើងវិញខណៈមានការព្យាករអំពីខ្យល់មូសុងច្រើនជាងធម្មតា ជាមួយតម្រូវការវិនិយោគនៅតែរឹងមាំ ដែលនាំមុខដោយការវិនិយោគសាធារណៈ។

សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ការព្យាករណ៍កំណើនត្រូវបានរក្សានៅកម្រិត ៤,៦% នៅឆ្នាំនេះ ខណៈមានភាពប្រសើរឡើងយ៉ាងខ្លាំងទាំងតម្រូវការក្នុងស្រុក និងពីខាងក្រៅ។ ទស្សនវិស័យឆ្នាំនេះសម្រាប់ Caucasus (តំបន់ព្រំដែនរវាងអឺរ៉ុបប៉ែកអាគ្នេយ៍ និងអាស៊ីខាងលិច) និងអាស៊ីកណ្តាលនឹងកើនឡើងដល់ ៤,៥% ពីការព្យាករណ៍ពីមុន ៤,៣% ដែលជំរុញខ្លះដោយកំណើនខ្លាំងជាងការរំពឹងទុកនៅ អាស៊ែបៃហ្សង់ និង សាធារណរដ្ឋកៀហ្ស៊ីស៊ី។ នៅតំបន់ប៉ាស៊ីហ្វិក ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៤ រក្សាបាននូវ កំណើន ៣,៣% ដែលជំរុញដោយការចំណាយលើវិស័យទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងសកម្មភាពរុករករ៉ែដែលសកម្មឡើងវិញនៅក្នុងប្រទេសប៉ាពួញូហ្គីណេ៕

ប្រភព៖ ក្រសួងព័ត៌មាន