គម្រោងអភិវឌ្ឍន៍ផ្លូវជាតិចំនួនបីខ្សែ នឹងបញ្ចប់ការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ
សេដ្ឋកិច្ច July 16, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមល្បឿននៃសកម្មភាពនៅការដ្ឋាននីមួយៗ គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ កម្រិតគុណភាពផ្លូវជាតិសំខាន់ៗចំនួនបីខ្សែ នឹងបញ្ចប់ការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤ នេះ។ សមិទ្ធផលនេះនឹងសម្រួលដល់វិស័យដឹកជញ្ជូន វិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងផ្លូវជាតិ ៧១C ដែលតភ្ជាប់ពីខេត្តកំពង់ចាមទៅខេត្តត្បូងឃ្មុំ ប្រវែងជាង ១១៤ គីឡូម៉ែត្របានបញ្ចប់ ការសាងសង់រួចរាល់នៅពាក់កណ្ដាល ឆ្នាំ២០២៤នេះ។ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរ ឆ្លងកាត់ តំបន់ទាំង នោះអាចធ្វើដំណើរតាមផ្លូវនេះបាន។

ផ្លូវជាតិ៧១C គឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ ។បច្ចុប្បន្នកំពុង បន្ត ដំណើរបញ្ចប់ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោល គីឡូម៉ែត្រ និងកិច្ចការដាំស្មៅ ការពារ ការហូរច្រោះដីចំណីផ្លូវ ដោយ គ្រោងបញ្ចប់ជាស្ថាពរ ត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ។ បន្ថែមពីនេះ ក្រុមហ៊ុនសាងសង់ សៀងហៃ គ្រុប ( SCG) និងទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំ រយៈពេល ២៤ខែ បន្ថែមយោងតាមកិច្ចសន្យាសាងសង់ ។

ដោយឡែក ផ្លូវ ជាតិចំនួនពីរខ្សែទៀតក៏គ្រោងនឹងបញ្ចប់ នៅក្នុងឆ្នាំ២០២៤ នេះដែរ រួមមាន ផ្លូវជាតិលេខ ៣១ តភ្ជាប់ពីផ្លូវជាតិលេ ខ ៣ ត្រង់ចំណុចបែកគូស ស្រុកត្រាំកក់ ខេត្តតាកែវ ទៅកាន់ផ្លូវបំបែកតន់ហន់ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត និងផ្លូវជាតិលេខ ៣៣ តភ្ជាប់ពីស្រុកកំពង់ត្រាច ទៅកាន់ទីរួម ខេត្តកំពត ដោយកាត់ខេត្តកែប។

ផ្លូវជាតិទាំងពីរខ្សែនេះ មានសារ សំខាន់ក្នុងការ តភ្ជាប់ ពីភ្នំពេញ-កណ្ដាល -កំពង់ ស្ពឺ-តាកែវ ទៅកាន់ទឹកដី ខេត្តតំបន់សមុទ្រ រួមមាន ខេត្តកែប ខេត្តកំពត និងជាផ្លូវ ដឹកជញ្ជូនទំនិញ យ៉ាងសំខាន់មួយ ទៅកាន់ច្រកទ្វារ អន្តរជាតិ ព្រែកចាក ក្នុងស្រុកកំពង់ត្រាច ។

ហេដ្ឋារចនាសម័្ពន្ធនេះនឹងក្លាយទៅជាសរសៃដ៏សំខាន់មួយទៀត សម្រាប់ បម្រើដល់ ការងារ ដឹកជញ្ជូនទំនិញចេញចូល កំពង់ផែ តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងព្រែកជីក ហ្វូណនតេជោ នេះ នឹង មានសង់ កំពង់ផែរណប មួយចំនួន ជាពិសេស នៅក្នុងស្រុកអង្គរជ័យ ,បន្ទាយមាស និង មជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ផងដែរ ។

សូមជម្រាបថា ទន្ទឹមនឹងគម្រោងអភិវឌ្ឍន៍ផ្លូវមួយចំនួនបាន និងកំពុងពន្លឿនដើម្បី បញ្ចប់ នៅក្នុងឆ្នាំ២០២៤ នេះ ក៏មានគម្រោង មួយចំនួនទៀតក៏គ្រោងនឹងបើក ការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះដែរដូចជា គម្រោង ផ្លូវ ៥០C ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ៕

ប្រភព៖ ក្រសួងព័ត៌មាន