យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា សេដ្ឋកិច្ចថៃ កំពុងប្រឈមនឹងភាពចលាចល ដោយសារការបិទរោងចក្រជាច្រើន និងការហូរចូលទំនិញចិនថោកៗទៅក្នុងទីផ្សារប្រទេសថៃ។

សារព័ត៌មានខាងលើបានឱ្យដឹងថា បើទោះបីជាការប្រកាសបិទរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Suzuki Motor នៅប្រទេសថៃដែលអាចផលិតរថយន្តបាន ៦០,០០០គ្រឿងក្នុងមួយឆ្នាំំ កាលពីប៉ុន្មានសប្ដាហ៍មុននេះ ទទួលបានការចាប់អារម្មណ៍តិចតួច តែការសម្រេចចិត្តបិទរោងចក្ររបស់ក្រុមហ៊ុនជប៉ុនមួយនេះ បានឆ្លុះបញ្ចាំងពីការសម្រេចចិត្តស្រដៀងគ្នារបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ ដែលកំពុងជួបបញ្ហាប្រឈមជាច្រើនដូចជា ការហូរចូលទំនិញថោកៗពីប្រទេសចិន ការកើនឡើងតម្លៃថាមពល និងកម្លាំងពលកម្មដែលមានវ័យចំណាស់ ហើយកត្តាទាំងអស់នេះធ្វើឱ្យប្រទេសថៃធ្លាក់ចុះក្នុងការប្រកួតប្រជែងផ្នែកឧស្សាហកម្ម។ ជាក់ស្ដែងរោងចក្រជិត ២,០០០ នៅក្នុងប្រទេសថៃ ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានបិទទ្វារកាលពីឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ ទិន្នន័យចុងក្រោយរបស់នាយកដ្ឋានការងារឧស្សាហកម្ម ការបិទរោងចក្រនៅចន្លោះខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ បានកើនឡើង ៤០% ហើយជាលទ្ធផលការបាត់បង់ការងារបានកើនឡើង ៨០% ក្នុងអំឡុងពេលដូចគ្នា ដោយកម្មករជាង ៥១,៥០០ នាក់បានឈប់ដោយគ្មានការងារធ្វើ។
ទន្ទឹមនឹងនេះ ផ្នែកស្រាវជ្រាវរបស់ធនាគារ Kiatnakin Phatra បាននិយាយនៅក្នុងកំណត់ត្រាខែមិថុនាថា ចំនួននៃការបើករោងចក្រថ្មីក៏បានថយចុះផងដែរ ដោយរោងចក្រធំៗបិទ និងរោងចក្រតូចៗបើកជំនួសវិញ។ ដោយឡែកលោក Sangchai Theerakulwanich ប្រធានសហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃ បាននិយាយថា ទន្ទឹមនឹងនោះក្រុមហ៊ុនផលិតតូចៗកំពុងប្រឈមនឹងការកើនឡើងនៃថ្លៃដើមផលិតកម្ម ដោយសារការឡើងថ្លៃថាមពល និងប្រាក់ឈ្នួលខ្ពស់គួរសម។ លោកបានបន្តថា៖ «យើងប្រកួតប្រជែងជាមួយនឹងអាជីវកម្មចម្រុះជាតិសាសន៍។ អ្នកផលិតមិនអាចសម្របខ្លួនបានលឿនត្រូវបិទអាជីវកម្ម ឬផ្លាស់ប្តូរដើម្បីធ្វើអ្វីផ្សេង»។
សារព័ត៌មាន ខាងលើ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ពេលនេះ សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងមានកំណើនត្រឹមតែ ២,៥ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ហើយនេះស្ថិតក្នុងចំណោមកត្តាដែលធ្វើឲ្យប្រជាជនថៃភាគច្រើនមិនពេញចិត្តនឹងការអនុវត្តរបស់នាយករដ្ឋមន្ត្រីថ្មី៕
អត្ថបទ៖ លីនី
ប្រភព៖ Bangkok Post