យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានសាធារណជនចំនួន ១៧ ៥៣៥ នាក់ បានចុះឈ្មោះស្វែងរកការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ NEA បានជួយផ្គូផ្គងរកការងារបានចំនួន ១៩ ៣៧៥ ដង ដោយមានអ្នកទទួលបានការងារធ្វើចំនួន ៣ ៣៨០ នាក់ នៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ នេះបើតាម ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់មកកាន់ក្រុមការងារប្រត្តិបត្តិផ្សព្វផ្សាយព័ត៌មាននៃក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៤នេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា នៅក្នុងទីផ្សារបច្ចប្បន្នក៍ដូចជាការព្យាករណ៍សម្រាប់កំណើនឱកាសការងារតាមវិស័យនាពេលអនាគត ឃើញថាតម្រូវការកម្លាំងពលកម្មដែលមានច្រើនជាងគេ គឺជាកម្លាំងពលកម្មជំនាញនិងអ្នកបច្ចេកទេស សម្រាប់ប្រភេទមុខងារ ឬមុខតំណែងក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ។
ឯកឧត្តម លើកឡើងថា បើយោងតាមការអនុម័តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាដែលហៅកាត់ថា CDC ក្នុងរយៈពេល១០ខែចុងក្រោយ ប្រទេសកម្ពុជាមានតម្រួវការកំលាងពលកម្មចម្លោះពី ១ សែននាក់រហូតដល់ ២ សែនអ្នកក្នុងមួយឆ្នាំ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគដែលមានតម្រូវការកម្លាំងពលកម្ម ២៤២ ៦៤០ នាក់ ហើយបើគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះវិញ CDC បានអនុម័តគម្រោងវិនិយោគដែលបង្កើតការងារបាន ១៦៨ ០០០ នាក់ ។
បន្ថែមពីលើនេះទៀត តាមរយៈការប្រមូលព័ត៌មានស្តីពីការប្រកាសជ្រើសរើសបុគ្គលិករបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ក៏បានបង្ហាញផងដែរនូវនិន្នាការស្របគ្នាដោយហេតុថាតម្រូវការពលកម្មជំនាញ និងអ្នកបច្ចេកទេសសម្រាប់ការបំពេញការងារក្នុងវិស័យកម្មន្តសាលហាក់មានកំណើនតម្រូវការលើសលប់ប្រសិនបើប្រៀបធៀបនឹងវិស័យដទៃទៀត។
សូមជម្រាបជូនថា ទីភ្នាក់ជាតិមុខរបរ និងការងារ(NEA) គឺជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានចក្ខុវិស័យ ក្នុងការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារប្រកបដោយគុណភាពនៅកម្ពុជា តាមរយៈការផ្តល់សេវាផ្គូផ្គងគ្នារវាងអ្នកស្វែងរកការងារធ្វើ និងតម្រូវការកម្លាំងពលកម្មពីនិយោជក ដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារការងារ។
ទន្ទឹមគ្នានេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ឱកាសដល់ពួកគេទទួលបានជំនាញពិតប្រាកដមួយប្រចាំជីវិត និងក្លាយជាកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់៕





ប្រភព៖ ក្រសួងព័ត៌មាន


