ក្រសួងទេសចរណ៍យក Pub Street បង្កើតព្រឹត្តិការណ៍ ទាក់ទាញភ្ញៀវទេសចរឡើងវិញ
ទេសចរណ៍ July 12, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ១៣ ខែកក្កដា ស្អែកនេះ ម៉ូតូម៉ាក Harley Royal Enfield BMW និងម៉ាកម៉ូតូធំប្រភេទផ្សេងទៀត សរុបប្រមាណ១៥០គ្រឿង នឹងបង្ហាញខ្លួននៅ Pub street រួមជាមួយការប្រគំតន្ត្រីនៅពេលរាត្រីដែលមានវត្តមានតារាចម្រៀងល្បីៗ។

ការរៀបចំព្រឹត្តិការណ៍ “Big Bike meeting Elite Night” នេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុង ការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ដែលជាផលិតផលទេសចរណ៍មួយ ពេញនិយម ស្របពេលដែលក្រសួងទេសចរណ៍ខិតខំប្រឹងប្រែងជម្រុញ និងបង្កើនភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ គ្រប់មធ្យោបាយ ស្របតាមផែនការមេ “អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥”។

យោងតាម ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការនិងជាអ្នករៀបចំព្រឹត្តការណ៍ “Big Bike meeting Elite Night” បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មាន ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ១២ ខែកក្ដដានេះថា ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត បទពិសោធន៍ថ្មីៗ និងផ្តល់នូវការចងចាំដល់ភ្ញៀវទេសចរមកកម្សាន្តនៅ Pub street សំដៅស្តារឡើងវិញភ្ញៀទេសចរមកលេងខេត្តសៀមរាបនៅរដូវភ្លៀងនេះ ព្រមទាំងអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ជម្រុញរៀបចំព្រឹត្តិការណ៍នានា និងគាំទ្រយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤”។

ទន្ទឹមនិងនេះ កម្មវិធីខាងលើបានរៀបចំ ការប្រគំតន្ត្រីដែលមានការចូលរួមពី តារាចម្រៀង តារាសម្ដែងល្បីៗ បវរកញ្ញា ឌីជេ ដែលកម្មវិធីនេះចាប់ផ្ដើមចាប់ពីម៉ោង 4:00 រហូតដល់ម៉ោង 1 :00 យប់ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2024។

គូសបញ្ជាក់ផងដែរថាសម្រាប់ព្រឹត្តិការណ៍ “Big Bike meeting Elite Night” មានការចូលរួមពីបងប្អូនដែលស្រឡាញ់វិស័យម៉ូតូធំដែលក្នុងនេះរួមមាន៖ ម៉ូតូម៉ាក Harley Royal Enfield BMW និងម៉ាកម៉ូតូធំជាច្រើនទៀតសរុបប្រមាណ ១៥០គ្រឿង ហើយម៉ូតូធំទាំងនេះសុទ្ធតែជាម៉ូតូក្នុងស្រុករបស់យើង ដែលនីងមកជួបជុំគ្នានៅក្នុងបរិវេណ Pubstreet កន្លែងដែលពេញនិយមរបស់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តសៀមរាប។ តាមរយៈការបង្ហាញអំពីតំបន់ដែលមានសក្ដានុពលនៅក្នុងខេត្តសៀមរាប និងម្ហូបអាហារតាមតំបន់ដ៏សម្បូរបែប ។

ឯកឧត្តមបានបន្ថែមថា សម្រាប់ព្រឹត្តិការណ៍ខាងលើនេះ យើងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង 5,000នាក់ ដែលនឹងចូលរួមទស្សនានិងអបអរសាទរ ព្រឹត្តិការណ៍ “Big Bike meeting Elite Night” នេះ។ វិស័យទេសចរណ៍ មានតួនាទីសំខាន់ណាស់នៅក្នុងការជួយបង្កើតការងារដល់ប្រជាពលរដ្ឋក៏ដូចជាបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចមូលដ្ឋាន ។ ទន្ទឹមនេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែរប្រកបរបរពាក់ព័ន្ធ និងវិស័យទេសចរណ៍ ចូលរួមអនុវត្តរៀបចំសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងជំរុញលើកស្ទួយដល់វិស័យទេសចរណ៍ តាមរយៈផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស អោយកាន់តែទូលំទូលាយតាមលទ្ធភាពដែរអាចទៅធ្វើបាន៕

ប្រភព៖ ក្រសួងព័ត៌មាន