ទីផ្សារធំនៃផ្លែមៀនស្រស់របស់កម្ពុជា គឺនាំទៅកាន់ប្រទេសចិន
សេដ្ឋកិច្ច July 10, 2024 Khmernote

យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ទីផ្សារធំនៃការនាំចេញមៀនស្រស់របស់កម្ពុជា គឺប្រទេសចិន ហើយចាប់តាំងតែការនាំចេញមៀនស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២មក ផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន ព្រមជាមួយគ្នានេះ ការកុម្ម៉ង់នាំចេញបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៤ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់កសិករក្នុងការដាំដើមមៀនឱ្យស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សាររបស់ប្រទេសចិនដែលធានានូវស្ថេរភាពការផ្គត់ផ្គង់មៀនស្រស់ទៅកាន់ប្រទេសចិន ប្រជាកសិករដែលបានដាំមៀនស្របតាមស្តង់ដារទីផ្សារប្រទេសចិន នឹងលក់បានក្នុងតម្លៃមួយខ្ពស់ជាងការដែលដាំដុះតាមប្រពៃណី។

លោកជំទាវបានឱ្យដឹងបន្ថែមទៀតថា «ក្នុងការនាំចេញនេះដែរ ក្រសួងកសិកម្មជាអ្នកផលិត ចំណែកឯក្រសួងពាណិជ្ជកម្មជាអ្នកនាំចេញ ដែលជាការជំរុញមួយដល់ផលិតផលកសិកម្មកម្ពុជាលេចមុខលេចមាត់ក្នុងទីផ្សារអន្តរជាតិ។ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនអាលីបាបា ដើម្បីលក់ផលិតផលកសិកម្មកម្ពុជា ដែលធ្វើឱ្យមានទីផ្សារកាន់តែទូលំទូលាយឡើង»។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង១៤ ៨០០ តោន កើនឡើង១២០,៣៣ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន