គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនីចំនួន ២៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ ក្នុងនោះយានយន្តរបស់ក្រុមហ៊ុន BYD មានច្រើនជាងគេ
សេដ្ឋកិច្ច July 10, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកទល់ពេលនេះយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២ ៩៦៨គ្រឿង ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។

ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។

ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន