ក្រុមហ៊ុនធំមួយ បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា ខណៈគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន ១៣ បានចុះពិនិត្យទីតាំងរួចរាល់។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមហ៊ុនដែលបានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចខាងលើនេះ មានឈ្មោះថា Pursat Special Economic Zone Co., Ltd. ហើយគម្រោងនេះទៀតសោធ មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លេីផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន ១៣ ចុះពិនិត្យទីតាំងនៃគម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ខាងលើ ហើយបានបញ្ចបប្រកបដោយជោគជ័យ ដោយគណៈកម្មាការអន្តរក្រសួង បានពិនិត្យយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវបំពេញឱ្យសមស្របតាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ជាធរមាន។
សូមជម្រាបថា ការស្នេីសុំគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រេីនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ លីនី