យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហៅកាត់ថា (NEA) បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ១២ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែម ៧២១ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់ (NEA) ក្រុមហ៊ុនធំៗទាំង១២ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក, ក្រុមហ៊ុន HSC គ្រុប, អង្គការប្រព័ន្ធទិន្នន័យ (DDD), ក្រុមហ៊ុន Sastra Film Cambodia, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍, ក្រុមហ៊ុន NAGA WORLD, ក្រុមហ៊ុនស្មាន, ម៉ាស្ទ័រស៊ុគីស៊ុប, ក្រុមហ៊ុន BDLINK, ក្រុមហ៊ុនក្រៀល cambodia និងក្រុមហ៊ុន DAI-ICHI-Life។
ដូច្នេះ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀមខ្លួន ដាក់ពាក្យ ទោះមិនមានបទពិសោធន៍ក៏អាចដាក់ពាក្យបានដែរ ដាក់ពាក្យភ្លាម សម្ភាសភ្លាម។ ព័ត៌មាន បន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786655 ឬ 077 232 378៕
អត្ថបទ៖ លីនី