ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តក្រុមហ៊ុន អភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា
សេដ្ឋកិច្ច July 6, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ ចំពោះភាព លេចធ្លោ នៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុមហ៊ុន CRBC ជាពិសេសនាពេលចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ដែល ជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តក្រុមហ៊ុន មួយនេះពិនិត្យ សក្ដានុពលថ្មីៗ ដើម្បីពង្រីក ការវិនិយោគបន្ថែមទៀតផងដែរ។

ក្នុងឱកាសទទួលជួបជាមួយលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា បានចូលរួមអបអរ សាទរចំពោះសមិទ្ធផលផ្លូវ និងស្ពានសរុបរាប់ពាន់គីឡូម៉ែត្រ ដែលក្រុមហ៊ុន បានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល កម្ពុជាចាប់តាំងពីឆ្នាំ២០០១មក។

ក្នុងនាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិតបានថ្លែងអំណរ គុណក្រុមហ៊ុន CRBC ដែលបានផ្ដល់អំណោយមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបានបរិច្ចាគនូវទឹកប្រាក់ ប្រមាណ ១លាន ៣សែនដុល្លារអាម៉េរិក ដល់រាជរដ្ឋាភិបាល និងកាកបាទ ក្រហមកម្ពុជា ព្រមទាំងបានចូលរួមគាំទ្រ ជាថវិកាដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង រួមទាំងការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន និងការបានផ្ដល់អាហារូបករណ៍ ជាច្រើនកន្លែងដល់សិស្ស និងនិស្សិតកម្ពុជាផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនភាគីភ្ញៀវអំពីគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សក្ដានុពលនៃ ច្បាប់វិនិយោគថ្មី ព្រមទាំងការធ្វើ វិមជ្ឈការផ្ទេរសិទ្ធិសម្រេច គម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ទៅឱ្យរដ្ឋបាល រាជធានី ខេត្ត ដើម្បីផ្ដល់ឱកាសពង្រីកសក្ដានុពល ទាក់ទាញគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ។

លោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា បានជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថា ក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន CRBC គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឆាយណា ខមញ៉ូនីខេសិន ខនស្ត្រាក់សិន (CCCC) ដែលជាក្រុម ហ៊ុនជំនាញ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនៅប្រទេសចិន ហើយក៏បាន ជាប់ចំណាត់ថ្នាក់ទី៦៣ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥០០ ក្នុងពិភពលោក។

លោក យ៉ាង ជៀ ថា លោកមានជំនឿចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានា លំនឹងសេដ្ឋកិច្ចជាតិ ស្ថិរភាពនយោបាយ និងបរិយាកាស សន្តិសុខ ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកមានភាពកក់ ក្ដៅក្នុងការបោះជំហាន ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវជាតិ និងស្ពាន តួយ៉ាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និងក្រុងប៉ោយប៉ែតជាដើម។

ក្នុងជំនួបនេះ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC បានផ្តល់ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នូវអង្ករចំនួន ២៥តោន មីចំនួន ២០០កេសធំ ជូនក្រុមការងារ មនុស្សធម៌សម្តេច ក្រឡាហោមបាត់ដំបង អង្ករចំនួន ១៥តោន មីចំនួន ១០០កេស និងជូនរដ្ឋបាលខេត្តព្រៃវែង អង្ករចំនួន ១០តោន និងមីចំនួន ១០០កេសផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន