យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឱ្យដឹងថា គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។
សេចក្ដីប្រកាសព័ត៌មានរបស់ (CDC) បានឲ្យដឹងថា បើធៀបនឹងរយៈពេលដូចគា្ននៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមគម្រោងវិនិយោគខាងលើ ខេត្ត កំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ បន្ទាប់មកមានខេត្ត ស្វាយរៀង ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្ត កណ្ដាល ខេត្ត កំពង់ឆ្នាំង ខេត្ត កំពង់ចាម ខេត្ត កោះកុង ខេត្ត កំពត ខេត្ត ស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តព្រះវិហារ៕







