បង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” គ្រោងនឹងសម្ពោធនៅពេលឆាប់ៗខាងមុខនេះ
សេដ្ឋកិច្ច July 4, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា បង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” គ្រោងនឹងសម្ពោធនៅពេលឆាប់ៗខាងមុខនេះ។

នៅលើផេកផ្លូវការ ក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនសំណង់សៀងហៃ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។

គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនេះក្នុងគោលបំណងដើម្បីមើលទីតាំងដាំបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ដែលកំពុងសាងសង់ដាំបង្គោល ដោយពន្លឿនការងារឱ្យបានទាន់ពេលវេលា រៀបចំសណ្តាប់ធ្នាប់នៅទីតាំងប្រារព្ធពិធីឱ្យបានរៀបរយ រៀបចំចរាចរណ៍ និងចាត់ចែងការបំពេញភារកិច្ចតាមផ្នែកនីមួយឱ្យបានល្អ ដើម្បីពិធីសម្ពោធនេះប្រព្រឹត្តទៅដោយជោគជ័យ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន