រៀបចំក្រោយមែនពិត តែក្រុមកសិករអ្នកដាំស្វាយចន្ទីនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ នឹងក្លាយជាសហគមន៍កសិកម្មទំនើបដំបូងគេសម្រាប់ដំណាំស្វាយចន្ទី
សេដ្ឋកិច្ច June 29, 2024 Khmernote

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមកសិករអ្នកដាំស្វាយចន្ទីនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឈានដល់ដំណាក់កាលរៀបចំ «មហាសន្និបាតកំណើតដំបូង» របស់ខ្លួន ដូចការរំពឹងទុក។

តាមរយៈការបង្ហោះលើបណ្ដាញសង្គម នារសៀលថ្ងៃសោរិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ឈ្មោះផ្លូវការរបស់សហគមន៍នេះ គឺ «សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» ដោយមានសមាជិកសរុបចំនួន ៧៦គ្រួសារ និងផ្ទៃដីផលិតកម្មចន្ទីដែលផ្តល់ផលស្រាប់ចំនួន ៤៥៨ហិកតា។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា តាមពិតទៅ ក្នុងចំណោមសហគមន៍ស្វាយចន្ទីទាំង៣ សហគមន៍នេះទើបចាប់ផ្តើមរៀបចំក្រោយគេ តែបែរជាមានវឌ្ឍនភាពលឿនជាងគេទៅវិញ។ កសិករជាសមាជិក និងថ្នាក់ដឹកនាំសហគមន៍ជាប់ឆ្នោត ក៏សុទ្ធតែជាយុវជនពោរពេញទៅដោយថាមពល និងសក្តានុពលខ្ពស់។ រង់ចាំតែការរៀបចំផែនការអាជីវកម្មត្រូវបានបញ្ចប់ក្នុងអំឡុងពេលប្រហែល១ខែ២ខែទៀត យើងនឹងអាចដំណើរការសហគមន៍កសិកម្មទំនើបដំបូងសម្រាប់ដំណាំស្វាយចន្ទីបានហើយ៕

ប្រភព៖ ផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ