ឯកឧត្តម ស៊ុន ចាន់ថុល សន្យានឹងជួយសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិនសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ឱ្យទទួលបានជោគជ័យស្របតាមច្បាប់កម្ពុជា
សេដ្ឋកិច្ច June 29, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ឯកឧត្តមនឹងជួយសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិនសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ឱ្យទទួលបានជោគជ័យស្របតាមច្បាប់កម្ពុជា ដើម្បីបង្កើតឱកាសវិនិយោគទៅវិញទៅមក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដឹកនាំដោយលោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ក៏មាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី២ពីគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដើម្បីរឹតបន្តឹង និងស្វែងយល់បន្ថែមទៀតអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក៏ដូចជាបង្កើតភាពស្និទ្ធ ស្នាល និងទំនាក់ទំនងដោយផ្ទាល់ជាមួយគ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្រោមកិច្ចសម្រប សម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្ដោតអាទិភាពលើវិស័យជាអាទិ៍ សំណង់ ថាមពលបៃតង សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ កសិកម្ម និងវិស័យមួយចំនួនទៀត។

ជាថ្មីម្ដងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះវិនិយោគិនទាំងអស់ដែលមានបំណងដាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា ពិសេសនឹងជួយសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិនឱ្យទទួលបានជោគជ័យស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមជម្រាបថា សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក (WL.CC) គឺជាអង្គភាពសកល មិនរកប្រាក់ចំណេញ និងរួមគា្នជាមួយសភាពាណិជ្ជកម្មត្រកូលលីន នៃបណ្ដាប្រទេសផ្សេងៗ ដើម្បីបង្កើតឱកាសវិនិយោគទៅវិញទៅមក។ ដោយយល់ឃើញថា កម្ពុជា ជាប្រទេសមួយ ដែលមានសក្តានុពលខ្ពស់ និងឱកាសវិនិយោគ ដ៏គួរឱ្យទាក់ទាញខ្លាំង សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក បានកៀរគរសមាជិករបស់ខ្លួន ពីបណ្តាប្រទេសផ្សេងៗ រួមមាន៖ ប្រទេសម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងចិន មកបំពេញទស្សនកិច្ចរួមគ្នា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥-២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ត្រកូលលីន គឺជាត្រកូលធំមួយ ដែលមានដើមកំណើតពីប្រទេសចិន អាយុកាលជាង៣ពាន់ឆ្នាំ។ បងប្អូនត្រកូលលីន បាននិងកំពុងរស់នៅគ្រប់ទិសទី ទាំងនៅក្នុង និងក្រៅពីប្រទេសចិន។ ដោយឃើញពីភាពចាំបាច់ ក្នុងការពង្រីកបណ្ដាញទំនាក់ទំនង ក្នុងការរកស៊ី អ្នកជំនួញ ដែលមានត្រកូលលីន បានផ្តួចផ្តើមរួមគ្នាចងក្រង នូវសភាពាណិជ្ជកម្មត្រកូលលីន ដើម្បីជាវេទិកាសម្របសម្រួល ដល់ការទាក់ទងធ្វើធុរកិច្ចជាមួយគ្នា ពីប្រទេសមួយ ទៅប្រទេសទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន