សញ្ញាល្អ! ក្រុមហ៊ុនចិនធំមួយ កំពុងរៀបចំគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា ដែលមានទំហំទឹកប្រាក់ស្ថិតក្នុងរង្វង់ ១ពាន់លានដុល្លារ
សេដ្ឋកិច្ច June 27, 2024 Khmernote

យោងតា​មការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នា​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុនចិនធំមួយ កំពុងរៀបចំគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងរង្វង់ទឹកប្រាក់ ១ពាន់លានដុល្លារ។

បើតាមការបញ្ជាក់នៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Sailun Group ដែលជាក្រុមហ៊ុនមានក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្តក្នុងប្រទេសកម្ពុជា ចូលជួបពិភាក្សាការងារនិងធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានទំហំទឹកប្រាក់ស្ថិតក្នុងរង្វង់ ១ពាន់លានដុល្លារ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា ក្នុងដំណើរទស្សនកិច្ចទៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះទស្សនកិច្ចនៅសម្ព័ន្ធ Sailun Group Co., Ltd. និងបានទស្សនាមន្ទីរពិសោធន៍ Stonelab សាលពិព័រណ៍មជ្ឈមណ្ឌលកៅស៊ូជាតិ ព្រមទាំងបានជួបពិភាក្សាជាមួយសម្ព័ន្ធ Sailun Group ដឹកនាំដោយលោក Yuan Zhongxue ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកៅស៊ូជាតិ និងជាអគ្គនាយកសម្ព័ន្ធ Sailun និងមានការចូលរួមពី លោក Li Yongsen អគ្គនាយករងនៃគណៈកម្មការទំនាក់ទំនងការបរទេសខេត្តសានដុង និងលោក Li Xingwei លេខាបក្ស នៃសកលវិទ្យាល័យឈីងតាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Qingdao University of Science and Technology) ក្នុងដំណើរទស្សនកិច្ចគោះទ្វារវិនិយោគ នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Sailun បានរៀបចំការទទួលគណៈប្រតិភូប្រកបដោយភាពកក់ក្ដៅ និងក្នុងកិច្ចប្រជុំនាព្រឹកនេះ ក្រុមហ៊ុនបានបង្ហាញចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូ និងការសាងសង់សួនឧស្សាហកម្មក្នុងប្រទេសកម្ពុជាផងដែរ៕

អត្ថបទ៖​ លីនី