យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនចិនចំនួន ២ មកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ ដោយលើកឡើងថា ការវិនិយោគខាងលើនេះ នឹងទាក់ទាញអ្នកវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានសក្តានុពលសំខាន់។
តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CID logistics Co., Ltd និងក្រុមហ៊ុន Shanghai Shunkai International Freight & Forwarding Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាខែមិថុនានេះ។
ក្នុងឱកាសនោះ គណៈប្រតិភូក្រុមហ៊ុន CID logistics Co., Ltd និងក្រុមហ៊ុន Shanghai Shunkai International Freight &
Forwarding Co., Ltd បានជំរាបជូនឯកឧត្តមទីប្រឹក្សាអំពីគោលបំណងដ៏សំខាន់នៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានសក្តានុពលសំខាន់ និងបញ្ជាក់យ៉ាងច្បាស់ថា នឹងមកបន្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគត។
ឯកឧត្តមទីប្រឹក្សាបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គណៈប្រតិភូក្រុមហ៊ុនទាំងពីរចំពោះការជ្រើសរើសកម្ពុជាជាទិសដៅក្នុងការបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញនូវស្មារតីស្វាគមន៍ជានិច្ចសម្រាប់រាល់កិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ ព្រមទាំងបានជូនពរគណៈប្រតិភូឱ្យទទួលបានជោគជ័យជាផ្លែផ្កាក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាពេលនេះ៕



អត្ថបទ៖ លីនី


