សម្ដេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលចំពោះគំនិតផ្តួចផ្តើមហាមមិនឱ្យនាំរថយន្តចាស់ចូលកម្ពុជា និងណែនាំឱ្យពង្រឹងប្រព័ន្ធពិនិត្យលក្ខណៈបច្ចេកយានយន្តឱ្យបានល្អ
សេដ្ឋកិច្ច June 17, 2024 Khmernote

នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” ។

ក្នុង​ឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្ដេចមិនទទួលយកយោបល់លើការស្នើសុំការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ « កាលពីមុនមានប្រជុំ ឯកឧត្តម អូន ព័ន្ធមមុន្នីរត័្ន ដាក់សុំយោបល់ខ្ញុំមានប្រជុំលើកយោបល់ ដោយសារគិតគូរពីរឿងបរិស្ថាន អ៉ីចឹងក៏បានគិតគូរស្នើសុំថា ឥឡូវ គួរតែហាមឆ្នាំ២០២៤ នេះ ហាមមិនឱ្យនាំចូលរថយន្តដែលលើសអាយុ ១០ឆ្នាំ ហើយដល់ឆ្នាំ២០៣០ ហាមមិនឱ្យយករថយន្តនាំចូលដល់អាយុ ៥ឆ្នាំ ដើម្បីយើងធានារថយន្ត ឱ្យល្អ ហើយកុំឱ្យខូចបរិស្ថាន ខ្ញុំថា ដកចោលទៅ មកដល់ម៉ោងនេះ មិនទាន់ការចាំបាច់ ព្រោះអ្នកខ្លះសូម្បីឡានរត់តាក់ស៊ី មួយចំនួន គាត់មិនអាចទៅទិញឡានដែលមានអាយុកាល ៥ឆ្នាំមកទេ ព្រោះវាថ្លៃ ត្រូវពង្រឹងប្រព័ន្ធពិនិត្យលក្ខណៈបច្ចេក ព្រោះមួយឆ្នាំយើងឆៀករថយន្តម្ដង ទោះរថយន្តហ្នឹង ក្រោម ៥ឆ្នាំ ក្រោម ១០ឆ្នាំ តែបើបច្ចេកទេសវាអត់ត្រូវ កុំឱ្យវារត់ ព្រោះអ្នកខ្លះ ឥឡូវយករថយន្តពីជំនាន់ដើម យកមកជិះពេញហ្នឹង អ៉ីចឹងត្រូវថែទាំបច្ចេកទេស។ ខ្ញុំយល់ពីការថែទាំបរិស្ថាន យើងមិនចង់ឱ្យយករថយន្តដែលចាស់ យកមកពិបាក ខុសបច្ចេកទេស អាចគ្រោះថ្នាក់ អ៉ីចឹងខ្ញុំថា មិនបាច់ដាក់កំណត់ឆ្នាំទេ ប៉ុន្តែពង្រឹងការត្រួតពិនិត្យបច្ចេកទេសយានយន្តឱ្យបានច្បាស់ នេះទើបត្រឹមត្រូវ ហើយយើងធ្វើបែបនេះទៅ។ អ៉ីចឹងគ្មានការកំណត់ទេ មិនបាច់ចាំដាក់មកទេ ប្រទេសខ្លះគេហាមរថយន្តចាស់ចូល ដើម្បីលើកស្ទួយជីវភាព លើកស្ទួយកម្រិតនៃឧស្សាហកម្មរថយន្តនៅក្នុងប្រទេសដែលតម្លើងរថយន្ត ខ្ញុំថាមិនបាច់ទេ រថយន្តក្រុមហ៊ុនថ្មីយកមកតម្លើងរថយន្តនៅក្នុងប្រទេស ក៏យើងលើកទឹកចិត្ត ប៉ុន្តែគាត់ត្រូវមានសិទ្ធិ ប្រកួតប្រជែង ជាមួយនឹងការនាំចូលរថយន្តមួយទឹក គាត់ត្រូវធានាតម្លៃរបស់គាត់សមរម្យ ធ្វើបានល្អ តម្លៃសមរម្យ ប្រជាជនទិញហើយ។ កម្ពុជាមិនទាន់ឈានទៅដល់ការហាមមិនឱ្យផ្ទះមួយ ត្រូវតែមានឡាន​ម៉ាណ មិនឱ្យលើសបានទេ យើងមិនមានទេ រដ្ឋមានតែខិតខំដើម្បីដោះស្រាយបញ្ហាគមនគមន៍ឱ្យបានល្អជូនប្រជាពលរដ្ឋ »៕

អត្ថបទ៖ លីនី