លេខាធិការដ្ឋាន គ ស ព ស បញ្ជាក់ថា ករណីផ្សាយថា ធនាគារ ABA ក្ស័យធន ជាព័ត៌មានក្លែងក្លាយ
សេដ្ឋកិច្ច June 14, 2024 Khmernote

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានគណនី Facebook មួយចំនួនបានបង្ហោះផ្សាយថា «សូមបងប្អូននៅក្នុងស្រុកខ្មែរប្រញាប់រួសរាន់ទៅដកលុយចេញពីធនាគារ ABA អោយអស់ពីព្រោះធនាគារនេះក្ស័យធនហើយ» ដែលជាការបង្ហោះផ្សាយក្នុងចេតនាញុះញង់ឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កចលចលក្នុងសង្គម។

យ៉ាងណាមិញ លេខាធិការដ្ឋាន គ ស ព ស នារសៀលថ្ងៃទី១៤ ខែមិថុនា ដដែលនេះ បានគូសបញ្ជាក់ថា ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធនគឺជាព័ត៌មានក្លែងក្លាយ និងសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត។

គួរបញ្ជាក់ផងដែរថា ធនាគារ ABA មាន​កំណើន​ខ្លាំង​ក្នុង​ឆ្នាំ ២០២៣ ដោយ​ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ឆ្នាំ ២០២៣ បាន​កើនឡើង​ដល់ ២៧៦,៤៨​ លានដុល្លារ ដែល​ឆ្លុះបញ្ចាំង​ពី​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​អនុវត្ត​កិច្ច​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​ដ៏​ត្រឹមត្រូវ​របស់ ABA។ កំណើន​នេះ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​សញ្ញា​នៃ​កិច្ចគ្រប់គ្រង​ផ្ទៃក្នុង និង​ការ​សម្រេចចិត្ត​ជា​យុទ្ធសាស្ត្រដ៏​រឹងមាំ។ ធនាគារ​អាច​រក្សា​បាន​នូវ​កំណើន​ប្រាក់​ចំណេញ តាម​រយៈការ​ផ្តល់​ឥណទាន (ប្រាក់កម្ចី) ជាច្រើន​របស់​ខ្លួន ។ ABA បាន​បង្កើន​ផលបត្រ​ប្រាក់​កម្ចី​របស់​ខ្លួន​ចំនួន ១,៣២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ ដែល​នាំ​ឲ្យ​ធនាគារ​ទទួល​ចំណូល​ជាច្រើនពី​ការ​ប្រាក់សុទ្ធ៕

ប្រភព៖ លេខាធិការដ្ឋាន គ ស ព ស