យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយលោកជំទាវបណ្ឌិត Andrea Heilmaier អភិបាលរងក្រុងនួនប៊ឺក(Nuremberg) ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។
ឆ្លៀតនាឱ្យកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សកិច្ចរបស់គណៈប្រតិភូកម្ពុជា ដើម្បីគោះទ្វារវិនិយោគនៅតាមបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងនោះប្រទេសអាល្លឺម៉ង់ក៏ជាគោលដៅដែលកម្ពុជាចង់ឃើញមានវិនិយោគិនពីអាល្លឺម៉ង់ទៅកម្ពុជា កាន់តែច្រើនផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរំពឹងថាជំនួបជាមួយលោកជំទាវនាឱកាសនេះ នឹងអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នារវាងក្រុងនួនប៊ឺក(Nuremberg) ពិសេសលើកិច្ចការងារវិនិយោគ ការបណ្ដាក់ទុនធុរកិច្ច និងកិច្ចសហការនានាផ្សេងទៀត ដែលនឹងលើកកម្ពស់ទំនាក់ទំនងភាគីទាំងពីរផងដែរ។
លោកជំទាវអភិបាលរងក្រុង បានបង្ហាញការប្ដេជ្ញាចិត្តលើការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានារវាងកម្ពុជា និងអាល្លឺម៉ង់ ពិសេសចំពោះក្រុងនួនប៊ឺក(Nuremberg) សំដៅធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នាផងដែរ។
តាមប្រភពព័ត៌មានរបស់គេហទំព័រ Khmer Times បានឱ្យដឹងថា ទោះបីជាមានការបាត់បង់ពន្ធអនុគ្រោះពាណិជ្ជកម្មខ្លះក៏ដោយ ពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហភាពអឺរ៉ុបនៅតែបន្តកើនឡើងរហូតដល់១,៥៦ ពាន់លានដុល្លារក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបក្នុងអំឡុងពេលនេះបានកើនឡើង១១,៨៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានអោយដឹងទៀតថា ការនាំចេញ និងនាំចូល បានកើនឡើង ៤,១៨ ភាគរយដល់ ១,៨៨ ពាន់លានដុល្លារ។
ប្រភពដដែល បានបន្តថា ប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅសហភាពអឺរ៉ុប ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣៨៩ លានដុល្លារ។ កម្ពុជានាំចេញជាចម្បងនូវវាយនភ័ណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប៕




ប្រភព៖ ក្រសួងព័ត៌មាន


