ក្រុមហ៊ុន Suzuki ប្រកាសនឹងបិទរោងចក្រផលិតរថយន្តនៅប្រទេសថៃនាចុងឆ្នាំ២០២៥ ក្រោយបើកដំណើរការបានជាង ១០ឆ្នាំ
សេដ្ឋកិច្ច June 12, 2024 Khmernote

ក្រុមហ៊ុន Suzuki Motor កាលពីថ្ងៃសុក្រ ទី០៧ ខែមិថុនា កន្លងទៅថ្មីៗនេះ បានប្រកាសថា​ ខ្លួននឹងបិទរោងចក្រផលិតរថយន្តតែមួយគត់របស់ខ្លួនក្នុងប្រទេសថៃនៅចុងឆ្នាំ២០២៥។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ​
ការបិទរោងចក្រខាងលើនេះ គឺដោយសារតែការលក់នៅក្នុងប្រទេសមួយនេះធ្លាក់ចុះ ហើយក្រុមហ៊ុនក៏ចង់បានទីតាំងផលិតកម្មពិភពលោកដែលមានទីផ្សារដែលកាន់តែរីកចម្រើនជាងនេះ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Suzuki បាន​និយាយ​ថា៖ «យើង​បាន​លក់​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​បរិមាណ​លក់​មិន​បាន​កើន​ឡើង​ដូច​ការ​រំពឹង​ទុក​នោះ​ទេ»។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា រោងចក្រនៅក្នុងប្រទេសថៃផលិតរថយន្តបានត្រឹមតែ ៧,៥០០គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំសារពើពន្ធ រហូតដល់ខែមីនា កន្លងមកនេះ។ ហើយការបិទនេះទៀតសោធ ក៏កើតឡើងដោយសារតែការប្រជែងគ្នារវាងជប៉ុន និងចិន នៅក្នុងប្រទេសថៃ ផងដែរ។

ទោះបីជាយ៉ាងនេះក្ដី ក្រុមហ៊ុន Suzuki នឹងបន្តលក់រថយន្តអគ្គិសនី និងរថយន្ត Hybrid នៅក្នុងប្រទេសថៃ តាមរយៈ Suzuki Motor Thailand (SMT)។ គួរបញ្ជាក់ថា Suzuki Motor Thailand ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលថៃក្នុងឆ្នាំ២០០៧ ពីគម្រោងរថយន្តអេកូ។ រោងចក្រ SMT ក៏បានចាប់ផ្តើមផលិតរថយន្ត ដែលសន្សំសំចៃប្រេងក្នុងឆ្នាំ២០១២ ហើយផលិតបានរហូតដល់ ៦០,០០០គ្រឿងក្នុងមួយឆ្នាំ រួមទាំងរថយន្តសម្រាប់ការនាំចេញផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ Nikkei Asia