ឆាប់ៗនេះ! ក្រុមហ៊ុន Royal Railway នឹងបន្ថែមម៉ោងចេញដំណើរ ២ជើង ក្នុងមួយថ្ងៃ សម្រាប់ខ្សែរថភ្លើង ភ្នំពេញ-ក្រុងព្រះសីហនុ ដោយប្រើរថភ្លើងដែលទិញពីជប៉ុន
សេដ្ឋកិច្ច June 12, 2024 Khmernote

ក្រុមហ៊ុន Royal Railway Cambodia នឹងបន្ថែមម៉ោងចេញដំណើរ ២ជើង ក្នុងមួយថ្ងៃ សម្រាប់ខ្សែរថភ្លើង ភ្នំពេញ-ក្រុងព្រះសីហនុ ដោយប្រើរថភ្លើងដែលទិញមកពីជប៉ុន។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមហ៊ុន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន ខ្សែរថភ្លើងនឹងបន្ថែមម៉ោងចេញដំណើរនោះ តាមពេលវេលាដូចខាងក្រោម៖

ម៉ោងចេញដំណើរពីភ្នំពេញជារៀងរាល់ថ្ងៃ
– ម៉ោង 07:00ព្រឹក
– ម៉ោង 04:00ល្ងាច
– ភ្នំពេញ » តាកែវ
– ភ្នំពេញ » កំពង់ត្រាច
– ភ្នំពេញ » កែប
– ភ្នំពេញ » កំពត
– ភ្នំពេញ » វាលរេញ
– ភ្នំពេញ » កំពង់សោម

ម៉ោងចេញដំណើរពីក្រុងព្រះសីហនុ ជារៀងរាល់ថ្ងៃ
– ម៉ោង 08:00ព្រឹក
– ម៉ោង 02:00រសៀល
– តាកែវ » ភ្នំពេញ
– កំពង់ត្រាច » ភ្នំពេញ
– កែប » ភ្នំពេញ
– កំពត » ភ្នំពេញ
– វាលរេញ » ភ្នំពេញ
– កំពង់សោម » ភ្នំពេញ

គួរបញ្ជាក់ផងដែរថា ដោយយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ បានដាក់ឲ្យរថភ្លើងដែលទិញពីជប៉ុន រត់សាកល្បងលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដើម្បីពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗតាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកដថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។ ក្នុងដំណើរការសាកល្បងខាងលើ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។ ចំពោះ ការដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន RRC បានបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h៕

អត្ថបទ៖ លីនី
ប្រភព៖ Royal Railway Cambodia , ក្រសួងព័ត៌មាន