ឯកឧត្តម គង់ វិបុល អំពាវនាវដល់អ្នកជាប់ពន្ធឱ្យប្រើប្រាស់ប្រព័ន្ធធនាគារដើម្បីបង់ប្រាក់ពន្ធអាករ
សេដ្ឋកិច្ច June 11, 2024 Khmernote

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ ឱ្យប្រើប្រាស់សេវាទទួលប្រាក់ពន្ធអាករគ្រប់ប្រភេទរបស់ធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចំណេញថវិកានិងពេលវេលាក្នុងការធ្វើដំណើរមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គង់ វិបុល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ កិច្ចសហការរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយធនាគារ វីង (ខេមបូឌា) ម.ក លើ ការប្រើប្រាស់សេវារបស់ធនាគារ វឹង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការទទួលប្រាក់ពន្ធអាករ គ្រប់ប្រភេទដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារនៅទូទាំងប្រទេស។

ដើម្បីសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការកែលម្អសេវាអ្នកជាប់ពន្ធ តាមរយៈការផ្តល់នូវជម្រើសសាមញ្ញប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងចំណេញពេលវេលាសម្រាប់អ្នកជាប់ពន្ធ។ ជាក់ស្តែង អគ្គនាយកដ្ឋានពន្ធដារ បានអនុញ្ញាតឱ្យធនាគារពាណិជ្ជជាដៃគូ ដែលមានសាខា គ្របដណ្តប់នៅទូទាំងប្រទេសផ្តល់សេវាទទួលប្រាក់ពន្ធអាករគ្រប់ប្រភេទប្រមូលដោយ អគ្គនាយកដ្ឋានពន្ធដារ ដោយអ្នកជាប់ពន្ធអាចអញ្ជើញទៅបង់ប្រាក់ពន្ធអាករនៅសាខាធនាគារ ដែលនៅជិតបំផុត ឬអាចបង់ប្រាក់ពន្ធអាករតាមរយៈប្រព័ន្ធអនឡាញ e-Payment ឬកម្មវិធី ទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់ សេវាទទួលប្រាក់ពន្ធអាករដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ រួមមាន ធនាគារ កាណាឌីយ៉ា ធនាគារ អេស៊ីលីដា ធនាគារ វឌ្ឍនៈ ធនាគារ កម្ពុជាសាធារណៈ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ធនាគារ ប្រៃសណីយ៍កម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ធនាគារ ស្ថាបនា និងធនាគារ វឹង៕

ប្រភព៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ