គម្រោងវិនិយោគចំនួន ២៥ ក្នុងទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារ ត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ២០២៤
សេដ្ឋកិច្ច June 10, 2024 Khmernote

យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឍ្ឍន៍កម្ពុជា នាថ្ងៃទ១០ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគ ដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។

តាមក្រុមប្រឹក្សាអភិវឍ្ឍន៍កម្ពុជា បានបញ្ជាក់ថា ជាការកត់សម្គាល់ គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភារួមមាន៖

ក.ក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន៣គម្រោង ដែលរួមមាន៖

១.គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៣៥កន្លែង។

២. គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំ តានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៧កន្លែង។

៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។

ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមាន១គម្រោងរួមមាន៖

១.គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៦៨៤កន្លែង។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែឧសភា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប៕

ប្រភព៖ ក្រសួងព័ត៌មាន