យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Patrick Murphy អនុប្រធានប្រតិបត្តិផ្នែកស្រូវ និងធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister និងគណៈប្រតិភូនៃសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់អំពីស្ថានភាពបច្ចុប្បន្ន និងភាពប្រកួតប្រជែងលើការនាំចេញអង្ករកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។
ដោយមើលឃើញអំពីសក្ដានុពលរបស់វិស័យស្រូវអង្ករកម្ពុជា លោក Patrick Murphy នឹងបន្តចូលរួមនាំយកអង្ករកម្ពុជា និងផលិតផលផ្សេងៗទៀតតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការ ទៅទីផ្សារសហរដ្ឋអាមេរិក ដូចក្នុងករណីអង្ករសែនក្រអូបកម្ពុជា ដែលលោកបានធ្វើការនាំចេញរួចរាល់ហើយស្រាប់។
លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ លោក Patrick Murphy និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបាននាំយកផលិតផលអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ រួមមានសហរដ្ឋអាមរិកជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យលោក Patrick Murphy ពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មផ្សេងទៀតរួមមានជាអាទិ៍ ម្រេច គ្រាប់ស្វាយចន្ទី និងចេក ទៅទីផ្សារសហរដ្ឋអាមេរិកផងដែរ៕






ប្រភព៖ ក្រសួងព័ត៌មាន


