យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាល្ងាចថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។
ឆ្លៀតនាឱ្យកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង ១៦ ដែលជាសមាជិករបស់សហព័ន្ធធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជាចូលទៅទីផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ។ គិតគូរដល់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ ដើម្បីបន្តកសាង និងពង្រឹងនូវទំនុកចិត្តឱ្យគ្នាទៅវិញទៅមក។
ក្នុងជំនួននោះ លោកអនុប្រធានប្រតិបត្តិក្រុមហ៊ុន បានធ្វើការកត់សម្គាល់ និងកោតសរសើរទៅលើកសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករដែលធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។
គួរបញ្ជាក់ផងដែរថា យោងតាមស្ថិតិដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង ៤៦៦លានដុល្លារអាមេរិក។ តួលេខនេះមានកំណើនលើបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% រៀងគ្នា បើធៀបនឹងឆ្នាំ២០២២។
ក្នុងរយៈការនាំចេញអង្កររបស់កម្ពុជាមានកំណើនតិចតួច និងស្ថិតក្រោមគោលដៅកំណត់ បើទោះជាតម្រូវការអង្ករ និងតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិកាលពីឆ្នាំ២០២៣កន្លងទៅនេះ មានការកើនឡើងដល់កម្រិតកំពូលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះក៏ដោយ៕




ប្រភព៖ ក្រសួងព័ត៌មាន


