តម្លៃអង្ករនាំចេញរបស់វៀតណាម ដែលធ្លាប់តែជាតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោក បានធ្លាក់ចុះមកនៅលេខរៀងទី៦ វិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។
យោងតាមសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា អង្ករបាក់ ៥% របស់ប្រទេសនេះ មានតម្លៃ ៥៧៤ ដុល្លារអាមេរិកក្នុងមួយតោនប៉ុណ្ណោះ កាលពីថ្ងៃទី៣០ ខែឧសភា ថ្មីៗនេះ ដែលតម្លៃនេះទាបជាងសហរដ្ឋអាមេរិក ថៃ ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងឥណ្ឌា។ ជាមួយគ្នានេះដែរ តម្លៃអង្កររបស់វៀតណាមបានធ្លាក់ចុះ ១៣,៥% ពីកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រក្នុងខែធ្នូ ឆ្នាំមុន។
លោក Dinh Ngoc Tam អគ្គនាយករងនៃក្រុមហ៊ុននាំចេញ Co May បាននិយាយថា ក្រុមហ៊ុនរបស់លោកនៅតែមានស្តុកច្រើន ដូច្នេះត្រូវតែបង្ខុះចិត្តលក់ក្នុងតម្លៃទាប។ ចំណែកលោក Nguyen Viet Anh នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញអង្ករ Orico វិញ ក៏បាននិយាយផងដែរថា ការផ្គត់ផ្គង់មានកម្រិតខ្ពស់នៅក្នុងប្រទេសវៀតណាម ហើយតម្លៃបានធ្លាក់ចុះបន្ទាប់ពីរក្សាកម្រិតខ្ពស់អស់រយៈពេលជាយូរ។ ដោយឡែក អ្នកនាំចេញផ្សេងទៀតបាននិយាយថា តម្លៃអង្ករក៏កំពុងធ្លាក់ចុះនៅក្នុងប្រទេសជាច្រើនទៀត ហើយនឹងធ្លាក់ចុះបន្ថែមទៀតប្រសិនបើឥណ្ឌាបន្តការនាំចេញ។
យ៉ាងណាមិញថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានបញ្ជាឱ្យសមាគមស្បៀងអាហារវៀតណាម ពិនិត្យមើលការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដោយព្រមានថា តម្លៃទាបពេកអាចបំពានច្បាប់ប្រកួតប្រជែង។ គួរបញ្ចាក់ផងដែរថា ការនាំចេញអង្កររបស់វៀតណាមបានកើនឡើង ៤៣.៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកើនដល់ ២.៣ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៤ នេះ៕


អត្ថបទ៖ លីនី
ប្រភព៖ VNExpress


