ក្រុមហ៊ុននាំចេញអង្ករចំនួន ៤ ជួយពង្រីកទីផ្សារអង្ករខ្មែរ តាមរយៈការចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ លើកដំបូងបំផុតនៅប្រទេសអារ៉ាប៊ីសាអូឌីត
សេដ្ឋកិច្ច May 30, 2024 Khmernote

យោងតាមចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុននាំចេញអង្ករចំនួន ៤ បានចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ លើកដំបូងបំផុតនៅប្រទេសអារ៉ាប៊ីសាអូឌីត។ តាមរយៈព្រឹត្តិការណ៍នេះ នឹងជួយឱ្យអង្ករកម្ពុជាកាន់តែមានសក្តានុពល និងវិសាលភាពផ្នែកទីផ្សារនាំចេញបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាហ្រ្វិក។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ សហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា ក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន រួមមាន ១)- អង្ករម៉ាករាជរំដួល ROYAL PADDY RICE ២)- @Khmer Foods Group ក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប ៣)- PRIMALIS CORPERATION.,LTD ៤)- Signatures of Asia, Cambodian Rice Mill & Exporter បានចូលរួមការដាក់តាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីតដែលកម្មវិធីនេះបានប្រព្រឹត្តិឡើងនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ការចូលរួមព្រឹត្តិការណ៍ The Saudi Food Show នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េ ។ ការចូលរួមរបស់ក្រុមហ៊ុន ខាងលើនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិកាបដិភាគរបស់ សហគ្រិនខ្មែរ Khmer Enterprise។

ការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នៅក្នុងតំបន់មជ្ឈឹមបូព៌ានេះ គឺក្នុងគោលបំណងក្នុងការធ្វើពិពិធកម្មទីផ្សារដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងការជំរុញផលិតផលចូលក្នុងទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។ ពន្លាជាតិតាំងបង្ហាញអង្ករកម្ពុជាស្ថិតនៅ HALL 4 លេខទីតាំង Stand #A4-A2 នៃអាគារ Riyadh Front Exhibition & Conference Center ទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវជាអាជីព ព្រោះជាលើកទី១ ដែលឃើញមានបញ្ជីឈ្មោះប្រទេសកម្ពុជា និងទង់ជ័យកម្ពុជានៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនេះ ស្ថិតនៅក្នុងចំណោម ក្រុមហ៊ុនចំនួនជាង ១០០០ ក្រុមហ៊ុន ដែលតាំងបង្ហាញផលិតផលម្ហូបអាហារចំនួនជាង ១០០ ០០០ ប្រភេទមកពី៩៧ ប្រទេសនៅលើពិភពលោក។

ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសធំជាងគេនៅក្នុងតំបន់មជ្ឈឹមបូព៌ាកំពុងមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ដែលជាទីផ្សារមានសក្តានុពលសម្រាប់អង្ករកម្ពុជាទៅក្នុងប្រទេសនេះផ្ទាល់ និងជាទីតាំងចែកចាយបន្តនៅពេលអនាគតសម្រាប់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកផងដែរ។ ទីផ្សារនៅក្នុងតំបន់ទាំងពីរនេះមានការកើនឡើងគួរឱ្យកត់សម្គាល់គឺតំបន់មជ្ឈឹមបូព៌ា បានកើនពី ១ ៣៩៨ តោន នៅឆ្នាំ២០១៥ កើនដល់ ៧ ៥២១ តោននៅឆ្នាំ២០២៣ ហើយទីផ្សារក្នុងតំបន់អាហ្វ្រិកកើនពី ៤ ២៨៤ តោន នៅក្នុងឆ្នាំ២០១៥ កើនដល់ ៥២ ៨២៨ តោននៅឆ្នាំ២០២៣។ ការចូលរួមក្នុង ព្រឹត្តិការណ៍ The Saudi Food Show នេះនឹងជួយឱ្យអង្ករកម្ពុជាកាន់តែមានសក្តានុពលពង្រីកវិសាលភាពទីផ្សារនាំចេញអង្ករបន្ថែមទៀត៕

អត្ថបទ៖ លីនី