ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ នៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុប ២៤ ៨៥៣ ៩១១ ដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួនជាង ១២០០កន្លែង។
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ ភា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។
ក្នុងកិច្ចប្រជុំនេះដែរសម្រាប់ ខេត្តកំពង់ស្ពឺ គម្រោងវិនិយោគចំនួន ០៤គម្រោង ត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមាន ៖
១. គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម (ប្រមូលវត្ថុធាតុដើមចាស់ៗក្នុងស្រុក) របស់ក្រុមហ៊ុន PARTY A RENEWABLE RESOURCE (CAMBODIA ) CO,. LTD.,
២.គម្រោងបង្កើតរោងចក្រផលិតថ្នាំលាបពណ៌គ្រប់ប្រភេទ ម្សៅការពារច្រេះ និងម្សៅបៀក របស់ក្រុមហ៊ុន REDLEAF INDUSTRY (CAMBODIA) CO.,LTD.,
៣. គម្រោងបង្កើតរោងចក្រផលិតអំពូលគ្រប់ប្រភេទ របស់ក្រុមហ៊ុន ZENITH LIGHTING (CAMBODIA) CO.,LTD.,
៤. គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងឧបករណ៍បរិក្ខាពេទ្យ (ឧបករណ៍សំអាតមាត់ ធ្មេញ) របស់ក្រុមហ៊ុន FLYCAT ELECTRICAL (CAMBODIA) CO.,LTD. ដែលមានទុនវិនិយោគសរុបប្រមាណ ២៤ ៨៥៣ ៩១១ ដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួនជាង ១២០០កន្លែង៕



អត្ថបទ៖ លីនី


