យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្តីពីអនាគតរបស់អាស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងគណៈប្រតិភូអមនៃប្រទេសទាំងពីរ។
តាមប្រភពព័ត៌មានពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការចូលរួមពីភាគីមិត្តវៀតណាម ធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ជូនថា តាមទិន្នន័យចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់កម្ពុជា បន្ទាប់ពីប្រទេសចិន ដែលមានទំហំពាណិជ្ជកម្មកើនឡើងដល់ ២៤,៥ ភាគរយ ដល់ទៅ ២,៣២ ពាន់លានដុល្លារក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការផ្សាយក្នុងគេហទំព័រ Khmer Times។
វៀតណាម ក៏ជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិកជាមួយនឹងទឹកប្រាក់ ១,៣៩ ពាន់លានដុល្លារក្នុងត្រីមាសទី១ កើនឡើង៥៣ ភាគរយ។ ដោយឡែក កម្ពុជាភាគច្រើននាំចេញផលិតផលកសិកម្មដូចជា គ្រាប់ស្វាយចន្ទី ដំឡូងមី ដូង និងកៅស៊ូទៅវៀតណាម៕






ប្រភព៖ ក្រសួងព័ត៌មាន


