យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញនៅក្រោយវិបត្តិជំងឺកូវីដ-១៩ ខណៈ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ច ហើយថា ថ្មីៗនេះវិទ្យាស្ថានមួយដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេសុីបានចេញនូវរបាយការណ៍មួយដោយបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា មានសន្ទុះងើបឡើងវិញលឿនជាងគេនៅក្នុងចំណោមប្រទេសអាស៊ាន ក្នុងឆ្នាំ២០២៤នេះ ដោយឈរនៅក្នុងលំដាប់ទី១ នៅអាសុីអាគ្នយ៍ និងឈរក្នុងលំដាប់ទី៣ ក្នុងចំណោម ២០ប្រទេសនៅក្នុងតំបន់អាសុី ដែលគេចាត់ទុកថាមានសេដ្ឋកិច្ចលូតលាស់ខ្លាំងក្រោយពីវិបត្តិជំងឺកូវីដ-១៩ នៅក្នុងអត្រាដែល កម្ពុជាត្រូវបានគេព្យាករណ៍នោះថាមាន ៦.១ភាគរយ នៅក្នុងឆ្នាំ២០២៤នេះ។
ការថ្លែងរបស់ឯកឧត្តម ប៉ែន បូណា បែបនេះធ្វើឡើងនាវេទិកាសារព័ត៌មានលើកទី៣ ស្តីពីសមិទ្ធផលការ ងារសំខាន់ៗក្នុងត្រីមាសទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល ៩ខែគត់ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា លទ្ធផលដែលគួរឱ្យមោទនភាពបែបនេះ វាមិនមែនកើតឡើងដោយចៃដន្យនោះទេ តែវាជាផ្លែផ្កានៃសុខសន្តិភាព កិច្ចខិតខំប្រឹងប្រែង និងការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយយើងពិតជានៅចាំបានថា កាលពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយថេរក្នុងរង្វង់ ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ជាប់ៗគ្នា ដែលកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរនេះហើយ ដែលធ្វើឱ្យកម្ពុជាបានចូលទៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលអនុញ្ញាតិឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍលឿនរហ័សដូចសព្វថ្ងៃនេះ ដែលមិនដែលមានទេចាប់តាំងពីក្រោយសម័យអង្គរមកនោះ។
ឯកឧត្តម ប៉ែន បូណា បានបន្តថា បច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត លោកក៏បានកសាងដោយធ្វើឱ្យមានកំណត់ត្រាថ្មីមួយទៀតនៃសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាស្រាប់តែមានសន្ទុះសេដ្ឋកិច្ចខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់សាទរ និងកោតស្ញប់ស្ញែង។ ស្ញប់ស្ញែងនៅត្រង់ថា កម្ពុជាយើងទើបតែមានឱកាសខ្លីទេ ក្នុងការកសាងប្រទេសដែលងើបចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបើនិយាយឱ្យមែនទែនទៅយើងទើបតែមានរយៈពេល ២៥ឆ្នាំចុងក្រោយប៉ុណ្ណោះ គឺបន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨ ដែលយើងមានឱកាស ដើម្បីកសាងប្រទេស។ ដែលពេលនេះយើងអាចនិយាយបានថា កម្ពុជាគឺរត់លឿនទាន់គេឯងនៅក្នុងតំបន់ ហើយពេលនេះកំពុងតែឈរជាមួយគេឯង និងពេលខ្លះទៀតគឺយើងបានធ្វើអ្វីមួយដែលល្អជាងគេថែមទៀតផងដូចជាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤នេះជាឧទាហរណ៍ស្រាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន បូណា ក៏បានរំលេចឡើងនូវគម្រោងសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលនឹងលេចចេញជារូបរាងនាពេលខាងមុខនោះគឺ គម្រោងព្រែកជីកហ្វូណនតេជោ ដែលពេលនេះកំពុងឈានទៅរកការបើកការដ្ឋានក្នុងពេលឆាប់ៗខាងមុខ ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ហើយពេលនេះសម្តេចធិបតីនាយក រដ្ឋមន្ត្រីកំពុងដឹកនាំ ដើម្បីធ្វើការជីកព្រែកនេះដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា ដែលនឹងនាំមកនូវផលប្រយោជន៍យូរអង្វែងសម្រាប់កូនចៅខ្មែរតជំនាន់ ក្រោមសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពី សំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបង្កើតបានជាចលនាមហាជន និងសាមគ្គីជាតិខ្មែរយ៉ាងធំ ធេង និងមិនធ្លាប់មានពីមុនមក ដោយឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ដែលនឹងលេចចេញជារូបរាងឡើងនាពេលខាងមុខនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់បំប៉ន ក្បាលម៉ាសុីនសេដ្ឋកិច្ចកម្ពុជា ហើយលើសពីនេះ វាក៏មានន័យសម្រាប់ធានាឯករាជ្យភាពនៃនយោបាយដឹក ជញ្ជូនរបស់កម្ពុជាដោយមិនចាំបាច់ពឹងទៅលើប្រទេសដទៃផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន


