ធូបខ្មែរនៅតែពេញនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ពិសេសអ្នកស្រុកអង្គរ ខេត្តសៀមរាប
សេដ្ឋកិច្ច May 22, 2024 Khmernote

ភ្នំពេញ៖ បច្ចុប្បន្នធូបខ្មែរនៅមានការនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ពិសេសអ្នកស្រុកអង្គរ ខេត្តសៀមរាបដែលធូបទាំងនេះ ត្រូវបានផលិតដោយអ្នកស្រុកអង្គរផ្ទាល់ ហើយយកវត្ថុធាតុដើមក្នុងតំបន់មកផលិត និងមានគុណភាពល្អ ហើយភាគច្រើនធ្វើឡើងដោយមនុស្សមានវ័យចំណាស់ប៉ុណ្ណោះ។

អាជ្ញាធរជាតិអប្សរា បានពណ៌នាលើការគាំទ្រដោយប្រើប្រាស់ធូបខ្មែរនេះថា ប្រៀបបានជាការថែរក្សាចំណេះដឹង និងជំនាញបន្តដល់​កូនចៅ​ជំនាន់ក្រោយដែលមនុស្សនៅក្នុងតំបន់អង្គរ តែងតែចែករំលែកពីមួយជំនាន់ទៅមួយជំនាន់មិនឱ្យបាត់បង់ ទើបនៅតំបន់អង្គរ​មានវប្បធម៌សម្បូរបែបនៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិស្រុក។

ប្រភពដដែលបន្តថា ក្រុមការងារស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា តែងតែខិតខំចងក្រងប្រមូលនូវទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់អង្គរ មកផ្សព្វផ្សាយ និងសូមគាំទ្រចំពោះការថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យមានភាពរស់រវើក ថែមទាំងលើកទឹកចិត្តឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពប្រជាជនផង និងការអភិរក្សផង៕

ប្រភព៖ ក្រសួងព័ត៌មាន