ឱកាសល្អ! ក្រសួងពាណិជ្ជកម្ម បើកឱ្យវិនិយោគិន និងផលិតករកម្ពុជា ពិសេសធុរកិច្ចក្នុងវិស័យកែច្នៃកសិផល ដាក់ពាក្យចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើកទី៧ នៅទីក្រុងសៀងហៃ នាខែវិច្ឆិកាខាងមុខនេះ
សេដ្ឋកិច្ច May 21, 2024 Khmernote

ក្រសួងពាណិជ្ជកម្ម បើកឱកាសឱ្យធុរជន សហគ្រិន វិនិយោគិន និង ផលិតករកម្ពុជា ពិសេសធុរកិច្ចក្នុងវិស័យកែច្នៃកសិផលដូចជាអង្គរ ស្វាយចន្ទី ម្រេចនិងគ្រឿងទេសជាដើម ម្ហូបអាហារកែច្នៃ គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យ ពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី អាចដាក់ពាក្យចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈសេចក្ដីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និង ផលិតករទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ក្រសួងនឹងបន្តដឹកនាំ ប្រតិភូពាណិជ្ជកម្មទៅរៀបចំនិងចូលរួម ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើក ទី៧ “The 7th China International Import Expo(CIIE) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូតរវាងបណ្តាប្រទេសចូលរួមទាំងអស់ក្នុងពិភពលោក ជាមួយប្រទេសចិន។ ដើម្បីចាប់យកឱកាសដ៏អស្ចារ្យនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញបណ្តាធុរជន សហគ្រិន វិនិយោគិន និង ផលិតករកម្ពុជា ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និង/ឬមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពាណិជ្ជករចិន និងអន្តរជាតិ សូមរៀបចំដាក់ពាក្យចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មខាងលើ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ជាកំណត់។ ក្នុងការចូលរួមនេះ ក្រសួងនឹងមានរៀបចំពន្លាជាតិមួយ ស្តង់ពាណិជ្ជកម្ម និងរៀបចំកម្មវិធីអមមួយចំនួន។ ទន្ទឹមនេះ ក្រសួង សូមផ្តល់អាទិភាពខ្ពស់ដល់ធុរកិច្ចក្នុងវិស័យកែច្នៃកសិផលដូចជាអង្គរ ស្វាយចន្ទី ម្រេចនិងគ្រឿងទេសជាដើម ម្ហូបអាហារកែច្នៃ គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យ ពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី។ សូមរួសរាន់ដាក់ពាក្យចូលរួមព្រោះចំនួនស្តង់មានកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទំនាក់ទំនង៖ ០១៦ ៤១៦ ៨២៥/០៨៦ ៣៣៣ ៩៣៣/០១២ ៧០៣ ៣៩៣
អ៊ីម៉ែល៖ chaoji168@gmail.com/ sorn_pitou@yahoo.com /ssph168@gmail.co

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងពាណិជ្ជកម្ម