កម្ពុជារកចំណូលបាន ៤០០លានដុល្លារ ពីការនាំចេញកៅស៊ូក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៤
សេដ្ឋកិច្ច May 20, 2024 Khmernote

ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ ដែលគិតជាទឹកប្រាក់សរុបសរុបចំនួន ៤០២លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ ២០២៤ បានកើនឡើង ៩៤,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

តម្រូវការជ័រកៅស៊ូ នៅក្នុងស្រុករបស់ប្រទេសកម្ពុជា បានមានការកើនឡើងជាបន្តបន្ទាប់ ក្រោយការមកដល់រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣កន្លែង ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន ក្នុងនោះគឺរោងចក្រទី១ ស្ថិតនៅខេត្តស្វាយរៀង, រោងចក្រទី ២ ស្ថិតនៅខេត្តព្រះសីហនុ និងរោងចក្រទី៣ ស្ថិតនៅខេត្តក្រចេះ ដែលខុសពីការពីមុន ប្រទេសកម្ពុជា នាំចេញជ័រកៅស៊ូស្ទើរទាំងស្រុងទៅទីផ្សារក្រៅប្រទេស។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ រហូតមកពេលនេះ កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤០ម៉ឺនហិកតា ហើយកម្ពុជា ក៏មានរោងចក្រកែច្នៃកៅស៊ូ និងមជ្ឈមណ្ឌលសិប្បកម្មចំនួន ១៦៨ ក្នុងខេត្តចំនួន ១១។ គួរបញ្ជាក់ផងដែរថា ទីផ្សារនាំចេញកៅស៊ូសំខាន់ៗរបស់កម្ពុជា រួមមាន៖ វៀតណាម ចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា និងសហភាពអឺរ៉ុប៕

ប្រភព៖ ក្រសួងព័ត៌មាន