ក្រុមហ៊ុនសិប្បករអង្គរ មានបំណងដាំដើមមនបន្ថែមនៅលើផ្ទៃដី ១៥ហិកតា ដើម្បីចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រ ផ្គត់ផ្គង់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរមានកំណើនយ៉ាងគំហុក
សេដ្ឋកិច្ច May 20, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុនសិប្បករអង្គរ មានបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីឈានទៅចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រ សម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរពីអតិថិជនមានកំណើនយ៉ាងគំហុក។

គោលបំណងខាងលើនេះ ត្រូវបានលើកឡើងនៅក្នុង កិច្ចពិភាក្សារវាងលោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យនិងទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ ដោយមានការចាត់តាំងពីឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា ជាមួយអ្នកជំនាញផ្នែកដំណាំមន នៃក្រុមហ៊ុនសិប្បករអង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទីសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤។

តាមរយៈដំណើរទស្សនកិច្ចនិងជំនួបពិភាក្សា៣លើក ក្នុងរយៈពេល៥ខែកន្លងមក និងផ្អែកតាមការឯកភាពជាគោលការណ៍ពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្ដល់ការសហការគាំទ្រផ្ដល់ ជំនួយ បច្ចេកទេស និងផ្ដល់ដើមមនដល់ក្រុមហ៊ុន សម្រាប់បម្រើដល់ការដាំដុះបន្ថែមនាពេលអនាគត ។ នៅក្នុងរយៈពេល៥ខែកន្លងមកនេះ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេស បានជួបជាមួយតំណាងក្រុមហ៊ុនសិប្បករអង្គរ និងបានពន្យល់អំពីបច្ចេកទេសនៃការដាំដុះដំណាំមនឱ្យស្របទៅតាមទីតាំងភូមិសាស្ត្រ និងសណ្ឋានដីនៅទីនោះ។

ឆ្លើយតបនិងសំណើពីក្រុមហ៊ុនសិប្បករអង្គរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រីករាយសហការផ្ដល់ការគាំទ្រក្នុងការបង្កាត់ពូជដង្កូវនាងដើម្បីស្វែងរកពូជថ្មីៗដែលធន់និងអាកាសធាតុ ផ្តល់ទិន្នផលសរសៃសូត្រខ្ពស់។ អគ្គនាយកដ្ឋានកសិកម្មនឹងបន្តធ្វើការជាមួយក្រុមហ៊ុន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការដាំដុះនិងការការប្រមូលផល ព្រមទាំងសហការដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតទ្បើង ទាំងពេលនេះ និងពេលអនាគត។

លោក ជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ ទៅកាន់តំណាងក្រុមហ៊ុនសិប្បករអង្គរ អំពីការយកចិត្តទុកដាក់របស់ឯកឧត្តម រដ្ឋមន្ដ្រី ឌិត ទីណា ចំពោះការដាំដើម មន ចិញ្ចឹម ដង្កូវនាង និងសិប្បកម្មសូត្រ ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមកហើយ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការអភិរក្សសិប្បកម្មសូត្រ គឺជាការរួមចំណែកជួយថែរក្សា និងផ្សព្វផ្សាយ អត្តសញ្ញាណ ព្រមទាំងដួងព្រលឹងជាតិខ្មែរ ទៅកាន់ប្រជាជននៃពិភពលោក។ លើសពីនេះ វាក៏នឹងជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បង្កើនប្រាក់ចំណូល ក៏ដូចជា កាត់បន្ថយ ការចំណាកស្រុក របស់ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ