យោងតាមការចុះផ្សាយនៅលើផេក អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច បានប្រកាសថា អង្ករក្រអូបលេខមួយរបស់កម្ពុជា អីឡូវនេះមានដាក់លក់នៅតាមបណ្តាផ្សារទំនើប និងកន្លែងលក់ទំនិញនានា នៅក្នុងទីក្រុងឡុងប៊ិច នៃប្រទេសសហរដ្ឋអាមេរិកហើយ។
តាមរយៈការបង្ហោះនៅលើផេកផ្លូវការអគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ថា «អង្ករផ្កាម្លិះកម្ពុជា ជាអង្ករក្រអូបគុណភាពខ្ពស់ ដែលដាំដុះនៅកម្ពុជា និងនាំចេញទៅសហរដ្ឋអាមេរិក។ អង្ករនេះត្រូវបានគេស្គាល់ថា មានក្លិនផ្កាក្រអូបប្រហើរ ព្រមទាំងទន់ និងរលោងពេលចម្អិនរួច។ មិនតែប៉ុណ្ណោះ អង្ករនេះគឺជាជម្រើសដ៏ពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលឱ្យតម្លៃលើរសជាតិ និងគុណភាពនៃអង្ករនៅក្នុងអាហាររបស់ពួកគេ។ លើសពីនេះ ការផលិត និងនាំចេញអង្ករផ្កាម្លិះល្អបំផុតរបស់កម្ពុជា ជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសការងារដល់កសិករក្នុងស្រុក»៕





អត្ថបទ៖ លីនី


