សហព័ន្ធស្រូវអង្ករកម្ពុជា នឹងនាំក្រុមហ៊ុននាំចេញចំនួន ៤ ទៅតាំងបង្ហាញផលិតផលអង្ករកម្ពុជាដែលធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅពិព័រណ៍ខ្នាតធំមួយនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត
សេដ្ឋកិច្ច May 18, 2024 Khmernote

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក ទៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ឱកាសចូលរួមតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា និងតាមរយៈថវិកាបដិភាគរបស់ សហគ្រិនខ្មែរ Khmer Enterprise។

ជាមួយគ្នានេះដែរ ការចូលរួមព្រឹត្តិការណ៍ The Saudi Food Show នេះ គឺជាការចូលរួមលើកដំបូង របស់ប្រទេសកម្ពុជា ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េ ដោយក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន នោះរួមមាន ១)- KAMPONG THOM RICE MILL LIMITED ២)- KHMER FOODS GROUP CO., LTD ៣)- PRIMALIS CORPERATION, LTD., ៤)- SINGATURE OF ASIA CO., LTD។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ The Saudi Food Show ជាកម្មវិធីធំខ្នាតអន្តរជាតិរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសម្រាប់តំបន់មជ្ឈឹមបូព៌ាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ និងមានក្រុមហ៊ុនចូលរួមប្រមាណជាជាង ១០០០ ក្រុមហ៊ុន មកពីជាង ៩០ប្រទេសលើពិភពលោក ដែលបង្ហាញផលិតផលគុណភាពលំដាប់ខ្ពស់បំផុតចំនួនជាង ១០០ ០០០ ម៉ាកផលិតផលចំណីអាហារ។ ការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម The Saudi Food Show នេះគឺអនុវត្តន៍តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារ ជាពិសេសទីផ្សារនៅក្នុងតំបន់មជ្ឈឹមបូព៌ារ និងអាហ្វ្រិក ដែលទីផ្សារមជ្ឈឹមបូព៌ា កំពុងរីកចម្រើនជាលំដាប់ ជាពិសេសប្រទេស Saudi Arabia បានកើនឡើងពី ១១៨ តោននៅឆ្នាំ២០១៥ កើនដល់ ៧ ៤៧១ តោននៅឆ្នាំ២០២៣។ សម្រាប់ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា មាន ទីតាំងនៅអាគារ HALL 4 លេខទីតាំង Stand #A4-A2 នៃអាគារ Riyadh Exhibition & Convention Center ទីក្រុង Riyadh ប្រទេស Saudi Arabia ៕

អត្ថបទ៖ លីនី