កម្ពុជារំពឹងថា ទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងកម្រិតជាង ៨ភាគរយនៅឆ្នាំ២០២៥
សេដ្ឋកិច្ច May 18, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ រំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបានរំពឹងថានឹងបន្តកើនដល់ប្រមាណ ៤ ២៥០ លានដុល្លារអាម៉េរិក, សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។

ទន្ទឹមនេះ, ទុនបម្រុងអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ ២២ ៣០៣ លានដុល្លារអាម៉េរិក ឬស្មើប្រមាណ ៨,០ ខែ នៃការនាំចូល។

យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥ ដល់២០២៧ បានរំពឹងថា រំហូរការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០២៥-២០២៧, ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្តវិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា តាមរយៈការអនុវត្ត «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» និងគោលនយោបាយគាំទ្រមួយចំនួនទៀត។

ផ្អែកលើមូលដ្ឋាននេះ, ក្នុងរយៈពេលមធ្យមខាងមុខ, កម្ពុជារំពឹងថានឹងអាចទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់, ជាពិសេសក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ ជាលទ្ធផល, ទុនបម្រុងអន្តរជាតិនឹងបន្តកើន ដោយមានទំហំជាមធ្យមប្រមាណ ៧ ខែ នៃការនាំចូល៕

ប្រភព៖ ក្រសួងព័ត៌មាន