នៅក្នុងសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដើម្បីជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េ កាន់តែល្អប្រសើរឡើង។
នាឱកាសនោះ សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និង ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” នឹងកាន់តែរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្ម និងវិនិយោគ បន្ថែមទៀត។
ជាមួយគ្នានោះដែរ ពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្ដេចធិបតីបានជម្រាបជូនថា តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-កូរ៉េ កម្ពុជាបាននាំចេញផ្លែស្វាយពិសេសមួយប្រភេទទៅប្រទេសកូរ៉េ ហើយសម្ដេចធិបតីបានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដែលការណ៍នេះនឹងជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េ កាន់តែល្អប្រសើរឡើង។
សូមជម្រាបផងដែរថា ក្រៅពីការលើកឡើងនូវចំណុចសំខាន់ៗខាងលើនេះ សម្តេចធិបតី ក៏បានរំលេចនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងភ្នាក់ងាររាជរដ្ឋាភិបាល និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ តាមរយៈនៃការបង្កើតបរិស្ថានធុរកិច្ចអំណោយផល ពិសេស និងដោយឡែក សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មនៅកម្ពុជា៕






អត្ថបទ៖ លីនី


