ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅតែបន្តមានសុទិដ្ឋិនិយមចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យាករថា កំណើននៅឆ្នាំ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ២០២៥ ខាងមុខ។
ការព្យាករនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូ ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដើម្បីសម្ដែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលនៃការវាយតម្លៃបឋមលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបេសកកម្មបានមកបំពេញបេសកកម្មរយៈពេលពីរសប្តាហ៍កន្លងមក។
នាឱកាសនោះ AMRO ក៏បានព្យាករផងដែរថា អតិផរណារំពឹងបន្តមានកម្រិតទាបត្រឹម ២,៥% នៅឆ្នាំ២០២៤ និង២០២៥។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ដូចជា ហានិភ័យនៃការថមថយនៃតម្រូវការខាងក្រៅ ប្រសិនបើសេដ្ឋកិច្ចនៃប្រទេសជាដៃគូពាណិជ្ជកម្មមានកំណើនទាបជាងការរំពឹងទុក ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម៕






អត្ថបទ៖ លីនី


