លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៣ ខែឧសភា ថ្មីៗនេះ បានបង្ហើបថា ការនាំចូលអង្ករតាមរយៈទីភ្នាក់ងារភ័ស្តុភាររដ្ឋ (Bulog) សម្រេចបានតិចជាង ៥% នៃតម្រូវការសរុបរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន vietnamplus កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារភ័ស្តុភាររដ្ឋ បានព្យាករថា តម្រូវការអង្ករក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៤ នឹងឡើងដល់ ៣១,២លានតោន ដែលចំនួននេះ បានន័យថា ការនាំចូលអង្ករក្នុងប្រទេសឥណ្ឌូណេស៊ីសម្រេចបានត្រឹមតែ ៤,១% នៃតម្រូវការសរុបក្នុងប្រទេស។
ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ផងដែរថា ការនាំចូលអង្ករចាំបាច់ត្រូវធ្វើឡើង ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់។ លោកបន្តថា អង្ករដែលនាំចូលពីប្រទេសវៀតណាម ថៃ កម្ពុជា និងប៉ាគីស្ថាន មិនគ្រប់គ្រាន់សម្រាប់តម្រូវការអង្ករសម្រាប់ប្រជាជនឥណ្ឌូនេស៊ី ២៨០ លាននាក់នោះទេ។ គួរបញ្ជាក់ផងដែរថា ដោយផ្អែកលើទិន្នន័យចុងក្រោយបំផុតនៅដើមខែឧសភា ឆ្នាំ២០២៤ នេះ ឥណ្ឌូនេស៊ី សម្រេចបានការនាំចូលអង្ករបានដល់ទៅ ១.៣ លានតោន ពីកូតាសរុបចំនួន ៣.៦ លានតោន៕
អត្ថបទ៖ លីនី
ប្រភព៖ vietnamplus