កម្ពុជា ចង់អោយចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា
សេដ្ឋកិច្ច May 15, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាចំពោះសមាជិកគណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងប្រចាំទីក្រុងគុនមីញ ដើម្បីជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន
ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។

ថ្លែងក្នុងសន្និសីទ China-Cambodia Industrial Cooperation Promotion Conference កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ឯកឧត្តម ស៊ាង ថៃ បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងឆ្ពោះទៅចាប់ដៃគូពាណិជ្ជកម្មជាមួយនឹងវិនិយោគិន ធុរជនចិន ដើម្បីរកមធ្យោបាយបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយចិន។

សូមបញ្ជាក់ថា នៅក្នុងសន្និសិទខាងលើនេះមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ព្រមទាំងវិនិយោគិន ធុរជនកម្ពុជាព្រមទាំងតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងវិនិយោគិនចិនជាច្រើនរូបបានចូលរួមផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន